Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី គោលការណ៍ណែនាំបច្ចេកទេស សម្រាប់ការកំណត់អាទិភាពរបាំងនៃផ្លូវឆ្លងកាត់របស់ត្រី (ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំក្រុមការងារកម្ពុជា មានមន្ត្រីតំណាងមកពី​នាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ នៃក្រសួង​ធនធានទឹក និងឧតុនិយម វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ និង​តំណាងការិយាល័យស្រាវជ្រាវបច្ចេកវិទ្យាជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកជំនាញការជាតិខាងផ្នែកផ្លូវឆ្លងកាត់របស់ត្រី និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ តាមរយៈ VDO Conference ស្តីពី គោលការណ៍ណែនាំបច្ចេកទេស សម្រាប់ការកំណត់អាទិភាពរបាំងនៃផ្លូវឆ្លងកាត់របស់ត្រី និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ដែលមានលក្ខណៈល្អ សម្រាប់ការរស់នៅរបស់ត្រី ក្នុងអាងទន្លេមេគង្គក្រោម។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Bounttien Sanaxonh ប្រធាននាយកដ្ឋានផែនការ នៃ MRCS និងចូលរួមដោយក្រុមការងារបច្ចេកទេសពាក់ព័ន្ធ ពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីបច្ចេកទេសពាក់ព័ន្ធនៃ MRCS អ្នកឯកទេសខាងវិស័យកសិកម្ម និងធារាសាស្រ្ត និងទីប្រឹក្សាបច្ចេកទេសអន្តរជាតិ។

កិច្ចប្រជុំមានគោលបំណង៖

- ចែករំលែកនូវសកម្មភាពសាកល្បងដែលបានអនុវត្តនៅក្នុងទីតាំងនៃគម្រោងសាកល្បង ដែលបានទទួលការគាំទ្រថវិកាពី US-DOI, ADB, និង ACIAR

- សិក្សា ពិនិត្យឡើងវិញសេចក្តីព្រាងនៃគោលការណ៍ណែនាំបច្ចេកទេស ធ្វើការពិភាក្សា និងផ្តល់យោបល់ដើម្បីធ្វើការកែសម្រួលគោលការណ៍ណែនាំនេះឱ្យបានល្អប្រសើរ និង

- ពិភាក្សាលើកិច្ចការដែលបានធ្វើនាពេលកន្លងមក ទាក់ទងទៅនឹងគោលការណ៍ណែនាំបច្ចេកទេស ក្រោមផែនការយុទ្ធសាស្រ្តឆ្នាំ២០២១-២០២៥ របស់ MRC ដោយផ្អែកលើសេចក្តីព្រាងផែនការសកម្មភាពថ្នាក់តំបន់។

អង្គប្រជុំបានស្តាប់ និងពិភាក្សាលើរបៀបវារៈចំនួនបួនគឺ៖

១. សេចក្តីសង្ខេបស្តីពី ទស្សនទាន វិសាលភាពនៃសកម្មភាព និងវឌ្ឍនភាព របស់គម្រោង

២. របកគំហើញរបស់ថ្នាក់ជាតិ នៃប្រទេសជាសមាជិក

៣. សេចក្តីព្រាង គោលការណ៍ណែនាំបច្ចេកទេស សម្រាប់ការកំណត់អាទិភាពរបាំងនៃផ្លូវឆ្លងកាត់របស់ត្រី និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ដែលមានលក្ខណៈល្អ សម្រាប់ការរស់នៅរបស់ត្រី ក្នុងអាងទន្លេមេគង្គក្រោម និង

៤. សេចក្តីព្រាងផែនការសកម្មភាពថ្នាក់តំបន់ និងកម្មវិធីនៃសកម្មភាពរបស់វា៕