ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមការងារ PNPCA JCWG របស់កម្ពុជា បានដឹកនាំក្រុមការងារ PNPCA JCWG រួមមានមន្ត្រីតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រុមការងារ PNPCA នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអ្នកជំនាញការថ្នាក់ជាតិ ចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកទី២ តាមរយៈ VDO Conference។ កិច្ចប្រជុំនេះ បានដំណើរការក្រោមការដឹកនាំដោយលោក Oudomsack Philavong អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គឡាវ ដោយមានការចូលរួមពីក្រុមការងារ PNPCA JCWG នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីជំនាញនៃលេខាធិការដ្ឋាន MRC និងអ្នកជំនាញការអន្តរជាតិ។
គោលបំណងរួមនៃកិច្ចប្រជុំគឺ ដើម្បីសិក្សា ពិនិត្យឡើងវិញសេចក្តីព្រាងលើកទី២ នៃរបាយការណ៍សិក្សា ពិនិត្យបច្ចេកទេសឡើងវិញ លើឯកសារ និងសំណើគម្រោងវារីអគ្គិសនី សាណាខាំ (SNHPP) (2nd Draft TRR) និងបន្តផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍នេះ និងលើ SNHPP ដើម្បីកែលម្អឱ្យបានប្រសើរឡើង នូវសេចក្តីព្រាងជាបន្តបន្ទាប់នៃរបាយការណ៍នេះ។ រីឯគោលបំណាងជាក់លាក់នៃកិច្ចប្រជុំគឺ៖
- ធ្វើបទបង្ហាញជូន និងពិភាក្សាលើ 2nd Draft TRR
- ធ្វើបទបង្ហាញជូន និងពិភាក្សាលើលទ្ធផលបឋមនៃការសិក្សា ពិនិត្យឡើងវិញនៅថ្នាក់ជាតិ ដែលជាលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ លើ SNHPP
- ធ្វើបទបង្ហាញជូន និងពិភាក្សាលើលទ្ធផលទទួលបានពីវេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី១០ របស់គណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីជួយសម្រួលដល់កិច្ចប្រជុំពិភាក្សា និងចែករំលែកព័ត៌មានថ្នាក់តំបន់លើកទី១ ស្តីពី SNHPP
- ពិភាក្សា និងឯកភាពលើការកំណត់កាលបរិច្ឆេទសំខាន់ៗ សម្រាប់ដំណើរការកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ លើ SNHPP វេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី១១ របស់គណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីជួយសម្រួលដល់កិច្ចប្រជុំពិភាក្សា និងចែករំលែកព័ត៌មានថ្នាក់តំបន់លើកទី២ ស្តីពី SNHPP និងកិច្ចប្រជុំថ្នាក់តំបន់លើកទី៣ របស់ក្រុមការងារ PNPCA JCWG ក្រោមផែនទីវិថីស្តីពី ដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់ SNHPP និង
- ផ្តល់នូវកាលានុវត្តភាពដល់អ្នកឯកទេសរបស់ MRC និងអ្នកជំនាញការអន្តរជាតិ ក្នុងការមានអន្តរកម្ម តាមរយៈ VIEDO Conference ជាមួយនឹងសមាជិកក្រុមការងារ PNPCA JCWG ដើម្បីកែលម្អឱ្យបានប្រសើរឡើងនូវសេចក្តីព្រាងជាបន្តបន្ទាប់នៃរបាយការណ៍សិក្សា ពិនិត្យបច្ចេកទេសឡើងវិញ លើឯកសារ និងសំណើគម្រោងវារីអគ្គិសនី សាណាខាំ។
កិច្ចប្រជុំបានស្តាប់ ពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួនបួនគឺ៖
១. សេចក្តីព្រាង 2nd Draft TRR និងកិច្ចការបន្តទៅតាមបណ្តាវិស័យ រួមមាន៖ (ក) ដំណើរការ និងអភិក្រមនៃការសិក្សា ពិនិត្យឡើងវិញ (ខ) ជលសាស្រ្ត និងជលគតិ (គ) ការហូរនាំកំណកកករល្បាប់ និងរូបសាស្រ្តនៃទន្លេ (ឃ) គុណភាពទឹក វារីជាតិ និងបរិស្ថាន (ង) ត្រី និងផ្លូវឆ្លងកាត់របស់ត្រី សុវត្ថិភាពនៃទំនប់ (ច) នាវាចរណ៍ និង (ឆ) ផលប៉ះពាល់សង្គមសេដ្ឋកិច្ចឆ្លងដែន
២. លទ្ធផលបឋមនៃការសិក្សា ពិនិត្យឡើងវិញនៅថ្នាក់ជាតិ ដែលជាលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ លើ SNHPP
៣. លទ្ធផលទទួលបានពីវេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី១០ របស់គណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីជួយសម្រួលដល់កិច្ចប្រជុំពិភាក្សា និងចែករំលែកព័ត៌មានថ្នាក់តំបន់លើកទី១ ស្តីពី SNHPP និង
៤. កាលបរិច្ឆេទសំខាន់ៗ សម្រាប់ដំណើរការកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ លើ SNHPP វេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី១១ របស់គណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីជួយសម្រួលដល់កិច្ចប្រជុំពិភាក្សា និងចែករំលែកព័ត៌មានថ្នាក់តំបន់លើកទី២ ស្តីពី SNHPP និងកិច្ចប្រជុំថ្នាក់តំបន់លើកទី៣ របស់ក្រុមការងារ PNPCA JCWG ក្រោមផែនទីវិថីស្តីពី ដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់ SNHPP៕