Developed by Khmer Focus
កិច្ចប្រជុំបូកសរុបលទ្ធផលស្តីពី ការអភិវឌ្ឍប្រព័ន្ធព្យាករណ៍ និងប្រកាសអាសន្នទឹកជំនន់ និងប្រព័ន្ធព័ត៌មានទឹក (ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង ទទួលបន្ទុកគម្រោង និងឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលកិច្ចប្រជុំបូកសរុបលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់លើការងារចុះអង្កេតវាយតម្លៃសំណើគម្រោងសុំជំនួយពីរដ្ឋាភិបាលកូរ៉េ តាមរយៈ KOICA ស្តីពីការអភិវឌ្ឍប្រព័ន្ធព្យាករណ៍ និងប្រកាសអាសន្នទឹកជំនន់ និងប្រព័ន្ធព័ត៌មានទឹក សម្រាប់អាងទន្លេទាំង ៣  (សេកុង សេសាន និងស្រែពក) នៃប្រទេសកម្ពុជា របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាមួយក្រុមការងារកូរ៉េ តាមរយៈ VIDEO Conference ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ កន្លងមក។ កិច្ចប្រជុំ បានដំណើរដោយមានការសម្របសម្រួលពីលោកបណ្ឌិត HONG ILPYO អ្នកគ្រប់គ្រងគម្រោង វិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវិទ្យាសំណង់ ប្រទេសកូរ៉េ  និងចូលរួមដោយតំណាងក្រសួង ស្ថាប័ន រួមមាន មន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកិច្ចការនារី តំណាងធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី មន្រ្តីការិយាល័យ KOICA ប្រចាំរាជធានីភ្នំពេញ និងមន្រ្តីវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវិទ្យាសំណង់ ប្រទេសកូរ៉េ។

ជាផ្នែកមួយនៃកិច្ចប្រជុំផងដែរ នាថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែមករា ក្រុមការងារ KOICA ដឹកនាំដោយលោក Kang Hwang Wook នាយករង ការិយាល័យ KOICA បានចុះទៅទស្សនកិច្ច ស្វែងយល់ទីតាំងគម្រោងតាមដងទន្លេសេកុង សេសាន និងស្រែពក និងទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឺងត្រែង និងខេត្តរតនគិរី ដោយមានការសម្របសម្រួលដោយមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។ បន្ទាប់ពីបានពិភាក្សាលើសេចក្តីព្រាងគោលគំនិតសំណើរបស់គម្រោងទាំងមូល កិច្ចប្រជុំបានបូកសរុបលទ្ធផលជាមួយការប្រមូលគំនិតយោបល់ និងទស្សនៈគាំទ្រទាំងឡាយពីមន្រ្តីមកពីក្រសួងស្ថាប័ន និងមន្ទីរពាក់ព័ន្ធ និងគំនិតគាំទ្រពីដៃគូអភិវឌ្ឍន៍ ព្រមទាំងកំណត់ការងារបន្ត សម្រាប់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លើការរៀបចំឯកសារបន្ថែម និងការស្វែងរកការគាំទ្រពីរាជរដ្ឋាភិបាល ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាតំណាង។ តំណាង KOICA បានសំដែងការពេញចិត្តគាំទ្រចំពោះគម្រោង និងបញ្ជាក់ថា របាយការណ៍ចុះទស្សនកិច្ចនឹងបញ្ចប់នាសប្តាហ៍ក្រោយ។ ក្រុមការងារកូរ៉េ បានបញ្ជាក់ថា តាមនីតិវិធីរបស់ KOICA ឯកសារវាយតម្លៃគម្រោង នឹងត្រូវរៀបចំវាយតម្លៃសម្រេចក្នុងដើមខែកុម្ភៈ ឆ្នាំ២០២១ ដោយក្រុមប្រឹក្សាកូរ៉េ ហើយលទ្ធផលយ៉ាងណានឹងដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យសម្រេច និងសភាជាតិកូរ៉េអនុម័យយល់ព្រម នាចុងខែមីនា ឆ្នាំ២០២១ ខាងមុខ៕