Developed by Khmer Focus
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការគ្រប់គ្រងធនធានទឹក និងការកំណត់អត្តសញ្ញាណនៃការអភិវឌ្ឍអាងទន្លេទាំង៣ និងព្រែកទាំង៤ (ថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២១)

ស្ទឹងត្រែង៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខា​ធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា និងជាប្រធានគ្រប់គ្រងសមាសភាគទី២ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣  បានផ្តល់កិច្ចស្វាគមន៍ សុន្ទរកថាបើក  ព្រមទាំងដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការគ្រប់គ្រងធនធានទឹក និងការកំណត់អត្តសញ្ញាណនៃការអភិវឌ្ឍអាងទន្លេទាំង៣ មាន ទន្លេសេកុង សេសាន និងស្រែពក និងព្រែកទាំង៤ មាន ព្រែកព្រះ ព្រែកអូគ្រៀង ព្រែកកាំពី និងព្រែកទេរ ស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា។

សិក្ខាសាលាមានគោលបំណងគាំទ្រដល់ការធ្វើបច្ចុប្បន្នភាព ទម្រង់អាងទន្លេនៅក្នុងតំបន់ទន្លេ 3S និងព្រែក 4P ពង្រីកបន្ថែមសូចនាកអភិវឌ្ឍន៍ រៀបចំកំណត់សេណារីយ៉ូ ដែលជាផ្នែកសំខាន់នៃប្រព័ន្ធទ្រទ្រង់ការធ្វើសេចក្តីសម្រេចចិត្ត (Decision Support System) និងដែលជាឧបករណ៍សម្រាប់វិភាគ នៃការគ្រង់គ្រង់ធនធានទឹកចម្រុះ និងបម្រើជាមូលដ្ឋានក្នុងការកសាងផែនការអាងទន្លេ រួមមានការវិនិយោគវិស័យនានាពាក់ព័ន្ធនឹងធនធានទឹកដូចជា ប្រព័ន្ធធារាសាស្រ្ត សំណង់ទំនប់វារីអគ្គិសនី ការងារកសិកម្ម គ្រប់គ្រងទឹកជំនន់។ល។ នៅក្នុងអាងទន្លេ ស្របតាមគោលដៅយុទ្ធសាស្រ្តរបស់ស្ថាប័ន។

តាមរយៈសិក្ខាសាលានេះ នឹងទទួលបានធាតុចូល និងមតិយោបល់ពីសិក្ខាកាមទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យការអភិវឌ្ឍទម្រង់អាងទន្លេ 3S និងព្រែក 4P មានបច្ចុប្បន្នភាព និងអាចបញ្ចប់សេចក្តីព្រាងប្រព័ន្ធទ្រទ្រង់ការធ្វើសេចក្តីសម្រេចចិត្ត (DSS)។

សិក្ខាសាលានេះ មានការចូលរួមពីមន្រ្តីអនុវត្តន៍គម្រោងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង មណ្ឌលគីរី រតនគិរី និងក្រចេះ ព្រមទាំងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រុមការងារគម្រោងសមាសភាគទី២  ជំនាញការក្រុមទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុន DHI ក្នុងស្រុក និងមកពីប្រទេសដាណាម៉ាក៕