Developed by Khmer Focus
កិច្ចប្រជុំពិសេសសថ្នាក់តំបន់ស្តីពី ដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោងវារីអគ្គិសនី សាណាខាំ (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ PNPCA JCWG របស់​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ PNPCA JCWG អញ្ជើញ​មក​ពី​ក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងរ៉ែ និង​ថាមពល ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន ក្រសួង​បរិស្ថាន ក្រុម​ការងារ PNPCA នៃ​អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក. និងអ្នកជំនាញការថ្នាក់ជាតិ ចូលរួមកិច្ចប្រជុំពិសេសសថ្នាក់តំបន់ស្តីពី ដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោងវារីអគ្គិសនី សាណាខាំ (SNHPP) តាមរយៈ VDO Conference។ កិច្ចប្រជុំនេះ បានដំណើរការក្រោមការដឹកនាំដោយលោក Phonepaseuth Phouliphanh អគ្គលេខាធិការស្តីទី គណៈកម្មាធិការជាតិទន្លេមេគង្គឡាវ សមាជិកបម្រុងគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ របស់ឡាវ និងជាប្រធានស្តីទី គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គប្រចាំឆ្នាំ២០២១ និងលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួម ពីក្រុមការងារ PNPCA JCWG និងបណ្តាជំនាញការជាតិ នៃប្រទេសជាសមាជិក MRC ទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីជំនាញនៃ MRC Secretariat រួមមាន៖ នាយកផ្នែកទាំងបួន, ប្រធានផែនការអាងទន្លេ, ប្រធានយុទ្ធសាស្រ្ត និងភាពជាដៃគូ, ប្រធានគ្រប់គ្រងបរិស្ថាន, និងអ្នកឯកទេស និងមន្រ្តីពាក់ព័ន្ធមួយចំនួន។

គោបំណងចម្បងនៃកិច្ចប្រជុំគឺ ពិភាក្សា និងឯកភាពលើក្របខណ្ឌពេលវេលា ឬផែនទីវិថីថ្មី និងបណ្តាសកម្មភាពដែលបានស្នើឡើង សម្រាប់បន្តដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោង SNHPP ដើម្បីឆ្ពោះទៅរកការសរុបសេចក្តីមួយប្រកបដោយអត្ថន័យរបស់វា។

កិច្ចប្រជុំបានស្តាប់ ពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៣គឺ៖

១. លទ្ធផលនៃកិច្ចប្រជុំរវាង MRC Secretariat និងបណ្តាក្រសួងពាក់ព័ន្ធរបស់ឡាវ ស្តីពីដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោង SNHPP កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១

២. សំណើការសិក្សាវាយតម្លៃរហ័ស ស្តីពីផលប៉ះពាល់ឆ្លងដែន ដែលបណ្តាលមកពីការឡើង-ចុះយ៉ាងរហ័សនៃកម្រិតកម្ពស់ទឹក ដើម្បីបំពេញបន្ថែមពីលើព័ត៌មានដែលបានផ្តល់នៅក្នុងរបាយការណ៍សិក្សា ពិនិត្យបច្ចេកទេសឡើងវិញ (TRR) លើសំណើគម្រោង SNHPP និង

៣. សេចក្តីព្រាងផែនទីវិថីដែលបានស្នើថ្មី ដើម្បីឆ្ពោះទៅរកការសរុបសេចក្តីមួយប្រកបដោយអត្ថន័យ លើដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោង SNHPP។

ជាលទ្ធផល អង្គប្រជុំបានឯកភាពលើរបៀបវារៈទី ២ខាងលើ ដោយឡែករបៀបវារៈទី ៣ អង្គប្រជុំបានឯកភាពគ្នាដាក់ជូនកិច្ចប្រជុំលើកទី ៥២ របស់គណៈកម្មាធិការរួម នៃ MRC នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេច ដោយហេតុថា ទីតាំងគម្រោងនៅជិតព្រំប្រទល់ឡាវ-ថៃ ហើយភាគីថៃបានលើកឡើងនូវចំណុច ២គឺ៖ (១) យោងតាមរបាយការណ៍របស់ MRC Secretariat គឺពុំមានការប្រែប្រួលខ្សែបន្ទាត់ព្រំដែននោះទេ ប៉ុន្តែយោងតាមការបញ្ជាក់ដោយក្រសួងការបរទេសរបស់ថៃគឺ ព្រំដែនកំពុងស្ថិតក្រោមដំណើរការនៃការពិភាក្សា និងកំណត់ព្រំប្រទល់ និង (២) កិច្ចប្រជុំពិគ្រោះយោបល់ជាមុន/ចែករំលែកព័ត៌មានថ្នាក់ជាតិស្តីពីសំណើគម្រោង SNHPP របស់ថៃ អាចដំណើរការទៅបានតែក្នុងករណី “ការសិក្សាវាយតម្លៃរហ័ស ស្តីពីផលប៉ះពាល់ឆ្លងដែនដែលបណ្តាលមកពីការឡើង-ចុះយ៉ាងរហ័សនៃកម្រិតកម្ពស់ទឹក” ដូចមានចែងក្នុងរបៀបវារៈទី ២ខាងលើ បានបញ្ចប់ ជាមួយនឹងលទ្ធផលដែលអាចទទួលយកបាន៕