Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យលើសេចក្តីព្រាងចុងក្រោយ សម្រាប់ប្រព័ន្ធពិនិត្យតាមដានការប្រើប្រាស់ទឹក (ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១)

កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យលើសេចក្តីព្រាងចុងក្រោយ (សេចក្តីព្រាងលើកទី៣) នៃគ្រោងប្លង់ទស្សនទាន សម្រាប់ប្រព័ន្ធពិនិត្យតាមដានការប្រើប្រាស់ទឹកក្នុងអាងទន្លេមេគង្គក្រោម ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋាន គជទមក ក្រោមកិច្ចសម្របសម្រួលបច្ចេកទេសពីក្រុមការងារលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) បង្ហាញអំពីវិធីសាស្ត្រ អភិក្រម ឧបករណ៍ ទិន្នន័យប្រើប្រាស់ វឌ្ឍនភាពការងារ និងសារសំខាន់ស្តីពី គ្រោងប្លង់ទស្សនទាន ដែលបានកែសម្រួលតាមមតិយោបល់ និងអនុសាសន៍របស់ប្រទេស (២) ពិនិត្យពិភាក្សាលើសេចក្តីព្រាងចុងក្រោយ នៃគ្រោងប្លង់ទស្សនទាន សម្រាប់ប្រព័ន្ធពិនិត្យតាមដានការប្រើប្រាស់ទឹកនៅថ្នាក់ជាតិ និងថ្នាក់តំបន់ (៣) បញ្ជ្រាបការយល់ដឹងឱ្យកាន់តែប្រសើរអំពី ធនធានដែលមាន និងការសម្រេចចិត្ត សំដៅលើកកម្ពស់សមភាព និងការគ្រប់គ្រងទឹកក្នុងអាងទន្លេមេគង្គក្រោមឱ្យមាននិរន្តរភាព និង (៤) ប្រមូលមតិយោបល់បន្ថែមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចប់សេចក្តីព្រាងចុងក្រោយ នៃគ្រោងប្លង់ឯកសារទស្សនទានស្តីពី ប្រព័ន្ធពិនិត្យតាមដានការប្រើប្រាស់ទឹក មុននឹងដាក់ឆ្លងកិច្ចប្រជុំក្រុមជំនាញថ្នាក់តំបន់ និងកិច្ចប្រជុំគណៈកម្មាធិការរួម MRC៕