Developed by Khmer Focus
កិច្ចប្រជុំការងារថ្នាក់ជាតិ ដើម្បីពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពី ការវាយតម្លៃរហ័ស នូវផលប៉ះពាល់ឆ្លងដែន (ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១)

ភ្នំពេញ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដំណើរការកិច្ចប្រជុំការងារថ្នាក់ជាតិ ដើម្បីពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពី ការវាយតម្លៃរហ័ស នូវផលប៉ះពាល់ឆ្លងដែន បណ្តាលមកពីការឡើង-ចុះយ៉ាងរហ័ស នូវកម្រិតកម្ពស់ទឹកទន្លេ នៅខ្សែទឹកខាងក្រោម នៃគម្រោងទំនប់វារីអគ្គិសនីសាណាខាំ (SNHPP) ក្រោមអធិបតីភាព និងដឹកនាំពិភាក្សារបស់ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារ របស់គណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ ទទួលបន្ទុកការអនុវត្តនីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង (PNPCA JCWG) មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល និងក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិកក្រុមការងារនីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក. (CNMC PNPCA WG) និងក្រុមអ្នកជំនាញការជាតិ។

គោលបំណងនៃកិច្ចប្រជុំការងារគឺ៖ (១) ស្វែងយល់ខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ស្តីពី ការវាយតម្លៃរហ័ស នូវផលប៉ះពាល់ឆ្លងដែន បណ្តាលមកពីការឡើង-ចុះយ៉ាងរហ័ស នូវកម្រិតកម្ពស់ទឹកទន្លេ នៅខ្សែទឹកខាងក្រោម នៃ SNHPP និង (២) ពិភាក្សា និងប្រមូលមតិយោបល់ និងអនុសាសន៍នានា លើសេចក្តីព្រាងរបាយការណ៍នេះ។

កិច្ចប្រជុំបានស្តាប់ ពិនិត្យ និងពិភាក្សាលើទិដ្ឋភាពបច្ចេកទេសសំខាន់ៗនៃសេចក្តីព្រាងរបាយការណ៍មួយចំនួន មានជាអាទិ៍ ជលសាស្រ្ត អេកូឡូស៊ី និងជលផល កំណកកករល្បាប់ និងសេដ្ឋកិច្ច-សង្គម៕