Developed by Khmer Focus
វេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី១១ របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១)

សៀមរាប៖ លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេ​មេគង្គ (MRC) បាន​ដំណើរ​ការ​ថ្ងៃ​ទី១ នៃ​វេទិកា​អ្នក​ពាក់ព័ន្ធ​ថ្នាក់​តំបន់​លើក​ទី១១ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ក្រោម​ប្រធាន​បទ “ប្រតិបត្តិការ និង​ការ​គ្រប់គ្រង ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ នូវ​បណ្តាទំនប់​វារីអគ្គិសនី​បណ្តាក់​គ្នា” ក្រោម​អធិបតីភាព​លោក Vithounlabandid THOUMMABOUT អគ្គនាយករង នាយកដ្ឋានគោលនយោបាយ និងផែនការថាមពល ក្រសួងថាមពល និងរ៉ែ នៃសាធារណៈរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ និងលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិ នៃ MRCS និងសម្របសម្រួលដោយលោក Palakorn Chanbanyong អ្នកឯកទេសផ្នែកវារីអគ្គិសនីប្រកបដោយនិរន្តរភាព នៃ MRCS និងមានសមាជិកចូលរួមដែលមានមន្រ្តីរាជការក្រសួង ស្ថាប័នពាក់ព័ន្ធ នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ (MRC) បុគ្គលិក នៃលេខាធិការដ្ឋាន MRC បណ្តាទីប្រឹក្សាបច្ចេកទេសអន្តរជាតិ និងតំណាងអ្នកអភិវឌ្ឍន៍ និងប្រតិបត្តិករ នៃគម្រោងវារីអគ្គិសនី ដៃគូអភិវឌ្ឍន៍ និងដៃគូសន្ទានា របស់ MRC អង្គការសង្គមស៊ីវីល អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ គ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ សហគមន៍មូលដ្ឋាន និងបណ្តាវាគ្មិនអន្តរជាតិជាច្រើនរូប ដែលអញ្ជើញមកពីតំបន់មេគង្គ និងតំបន់ផ្សេងៗទៀត។ វេទិកាថ្នាក់តំបន់នេះ ដំណើរការតាមរយៈ VDO Conferencing ដែលមានមជ្ឈមណ្ឌលប្រព័ន្ធវីដេអូ (Foum Hubs) ចំនួន០៤កន្លែងគឺ៖ មជ្ឈមណ្ឌលប្រព័ន្ធវីដេអូធំជាងគេ ត្រូវបានធ្វើជាម្ចាស់ផ្ទះដោយ MRCS នៅទីក្រុងវៀងច័ន្ទ។ នៅក្នុងប្រទេសជាសមាជិកនីមួយៗ មានសហមជ្ឈមណ្ឌលប្រព័ន្ធវីដេអូ (Forum co-host hub) ដែលក្នុងប្រទេសកម្ពុជា មានទីតាំងនៅក្រុងសៀមរាប នៅប្រទេសថៃ មានទីតាំងនៅទីក្រុងបាងកក និងនៅវៀតណាម មានទីតាំងនៅទីក្រុងហាណូយ។

ដោយឡែកនៅក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្របសម្រួលដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គ.ជ.ទ.ម.ក.) ដែលសម្របសម្រួលដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គ.ជ.ទ.ម.ក. និងមានសមាជិកចូលរួម រួមមានមន្រ្តីពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក តំណាងក្រសួង ស្ថាប័នជាតិពាក់ព័ន្ធសំខាន់ៗ តំណាងសហគមន៍មូលដ្ឋានពាក់ព័ន្ធ តំណាងគ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានសិក្សាស្រាវជ្រាវ តំណាងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ និងអ្នកជំនាញការជាតិ។

គោលបំណងចម្បងនាថ្ងៃទី១ នៃវេទិកាគឺ ផ្តល់ឱ្យអ្នកចូលរួមនូវឱកាសក្នុងការពិភាក្សាលើទស្សនទានផ្សេងៗទាក់ទងនឹងការគ្រប់គ្រងវារីអគ្គិសនីក្នុងអាងទន្លេមេគង្គ ដោយផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍវារីអគ្គិសនី ការគ្រប់គ្រង និងប្រតិបត្តិការទំនប់បណ្តាក់គ្នា ដែលមានគោលបំណងជាក់លាក់គឺដើម្បី៖

- ពិភាក្សាអំពីដំណើរការពាក់ព័ន្ធនានាស្តីពី ការចែករំលែកព័ត៌មាន និងប្រតិបត្តិការប្រកបដោយការសម្របសម្រួល ឆ្ពោះទៅរកការធ្វើឱ្យមានលក្ខណៈសមស្របនូវប្រតិបត្តិការ នៃបណ្តាទំនប់វារីអគ្គិសនី និងនិរន្តរភាព នៃបណ្តាគម្រោងនានាក្នុងអាងទន្លេមេគង្គ ក្នុងបរិបទឆ្លងដែន

- ពិភាក្សាអំពីតួនាទី នៃអ្នកវិនិយោគ ប្រតិបត្តិករ ស្ថាប័នរដ្ឋាភិបាល និងស្ថាប័នថ្នាក់តំបន់ រួមទាំងអង្គការសង្គមស៊ីវីល/អង្គការមិនមែនរដ្ឋាភិបាល ទាក់ទងនឹងដំណើរការនៃការចែករំលែកព័ត៌មាន និងប្រតិបត្តិការប្រកបដោយការសម្របសម្រួល នៃបណ្តាគម្រោងវារីអគ្គិសនី និង

- ស្នើឡើងនូវយន្តការផ្សេងៗសម្រាប់ការគ្រប់គ្រង និងប្រតិបត្តិការនៃបណ្តាទំនប់វារីអគ្គិសនីបណ្តាក់គ្នាក្នុងអាងទន្លេមេគង្គ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕