Developed by Khmer Focus
វេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី១១ របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១)

សៀមរាប៖ លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេ​មេគង្គ (MRCS) បាន​ដំណើរ​ការ​ថ្ងៃទី២ នៃ​វេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី១១ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ក្រោមប្រធានបទ “ការពិគ្រោះ​យោបល់ថ្នាក់តំបន់អំពី ដំណើរការពិគ្រោះ​យោបល់ជាមុនសម្រាប់សំណើ​គម្រោង​វារីអគ្គិសនី សាណាខាំ” ក្រោម​អធិបតីភាព ឯកឧត្តម Sinava Souphanouvong អនុរដ្ឋមន្រ្តី​ក្រសួង​ថាមពល និង​រ៉ែ នៃ​សាធារណៈរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ និងលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិ នៃ MRCS និងសម្រាបសម្រួលដោយ លោក មាស សុភ័ត្រ មន្រ្តីទទួលបន្ទុកការប្រាស្រ័យទាក់ទង នៃ MRCS និងមានសមាជិកចូលរួម ដែលក្នុងនោះមាន មន្រ្តីរាជការក្រសួង ស្ថាប័នពាក់ព័ន្ធ នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ (MRC) បុគ្គលិកនៃលេខាធិការដ្ឋាន MRC បណ្តាទីប្រឹក្សាបច្ចេកទេសអន្តរជាតិ និងតំណាងអ្នកអភិវឌ្ឍន៍ និងប្រតិបត្តិករនៃគម្រោងវារីអគ្គិសនី ដៃគូអភិវឌ្ឍន៍ និងដៃគូសន្ទានា របស់ MRC អង្គការសង្គមស៊ីវីល អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ គ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ សហគមន៍មូលដ្ឋាន និងបណ្តាវាគ្មិនអន្តរជាតិជាច្រើនរូប ដែលអញ្ជើញមកពីតំបន់មេគង្គ និងតំបន់ផ្សេងៗទៀត។ វេទិកាថ្នាក់តំបន់នេះ ដំណើរការតាមរយៈ VDO Conferencing ដែលមានមជ្ឈមណ្ឌលប្រព័ន្ធវីដេអូ (Foum Hubs) ចំនួន០៤កន្លែងគឺ៖ មជ្ឈមណ្ឌលប្រព័ន្ធវីដេអូធំជាងគេ ត្រូវបានធ្វើជាម្ចាស់ផ្ទះដោយ MRCS នៅទីក្រុងវៀងច័ន្ទ។ នៅក្នុងប្រទេសជាសមាជិកនីមួយៗ មានសហមជ្ឈមណ្ឌលប្រព័ន្ធវីដេអូ (Forum co-host hub) ដែលក្នុងប្រទេសកម្ពុជាមានទីតាំងនៅក្រុងសៀមរាប នៅប្រទេសថៃមានទីតាំងនៅទីក្រុងបាងកក និងនៅវៀតណាមមានទីតាំងនៅទីក្រុងហាណូយ។

ដោយឡែកនៅក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្របសម្រួលដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គ.ជ.ទ.ម.ក.) ដែលសម្របសម្រួលដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គ.ជ.ទ.ម.ក. និងមានសមាជិកចូលរួម រួមមានមន្រ្តីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក., តំណាងក្រសួង ស្ថាប័នជាតិពាក់ព័ន្ធសំខាន់ៗ តំណាងសហគមន៍មូលដ្ឋានពាក់ព័ន្ធ តំណាងគ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានសិក្សាស្រាវជ្រាវ តំណាងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ និងអ្នកជំនាញការជាតិ។

គោលបំណងចំបងរបស់ថ្ងៃទី២ នៃវេទិកាគឺ ចែករំលែក និងពិគ្រោះយោបល់ជាមួយបណ្តាអ្នកពាក់ព័ន្ធជាមួយនឹងដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោងវារីអគ្គិសនី សាណាខាំ។ ដូច្នេះព្រឹត្តិការណ៍នាថ្ងៃទី២នេះ បានផ្តល់ជាវេទិកាមួយសម្រាប់បណ្តាអ្នកពាក់ព័ន្ធ ដើម្បី៖

- ស្តាប់ពីស្ថានភាពបច្ចុប្បន្ន និងបច្ចុប្បន្នភាពនៃលទ្ធផលនៃដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោងវារីអគ្គិសនី សាណាខាំ និង

- ពិភាក្សា លើកឡើងពីក្តីកង្វល់របស់ខ្លួន និងផ្តល់នូវបណ្តាអនុសាសន៍ចាំបាច់នានា ទៅលើសេចក្តីព្រាងចុងក្រោយនៃរបាយការណ៍សិក្សា ពិនិត្យបច្ចេកទេសឡើងវិញ សម្រាប់សំណើគម្រោងវារីអគ្គិសនី សាណាខាំ៕