Developed by Khmer Focus
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាលើគម្រោងថ្មី ដែលមានឈ្មោះថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRMP) (ថ្ងៃទី ១៤-១៧ ខែធ្នូ ឆ្នាំ២០២១)

ភ្នំពេញ៖ ឯក​ឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​កិច្ច​ប្រជុំ ដែល​រៀប​ចំ​ដោយ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម កាល​ពី​ថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំសាលរំដួល ទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។ ឯកឧត្តម ចាន់ ស៊ីណាត  អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានដឹកនាំកិច្ចប្រជុំ តាមវីដេអូអនឡាញ នេះ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីតំណាងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ រួមមាន លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក មន្រ្តីថ្នាក់នាយកដ្ឋាន និងមន្រ្តីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម មន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីអាជ្ញាធរទន្លេសាប ជំនាញការជាតិ និងអន្តរជាតិ និងមន្រ្តីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងធនាគារវិនិយោគសហគមន៍អឺរ៉ុប (EIB) និងមន្រ្តីតំណាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល។

កិច្ចប្រជុំ បានជួបពិភាក្សាជាមួយ លោក Ryutaro Takaku មន្រ្តីជាន់ខ្ពស់របស់ ADB ប្រធានក្រុមបេសកកម្ម មកកម្ពុជា ក្នុងគោលបំណងពិនិត្យ ពិភាក្សាលើគម្រោងថ្មី ដែលមានឈ្មោះថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRMP) ដើម្បីគាំទ្រពង្រឹងសមត្ថភាពវិនិយោគក្នុងការអភិវឌ្ឍន៍គ្រប់គ្រង ធនធានទឹក  និងអាងទន្លេគ្រុប១ និងគ្រុប២ នៅកម្ពុជា កាន់តែប្រសើរឡើង។ លោក Ryutaro Takaku បានធ្វើបទបង្ហាញ និងដឹកនាំការពិភាក្សាលើខ្លឹមសារគម្រោង និងបណ្តាលទ្ធផល សូចនាករលទ្ធផល និងទីតាំងអនុវត្តន៍គម្រោង របស់គម្រោង។ ក្រសួងធនធានទឹក និងឧតុនិយម ជាស្ថាប័នដឹកនាំប្រតិបត្តិ ស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដែលបានផ្តួចផ្តើម និងដឹកនាំដោយផ្ទាល់ក្នុងអំឡុងឆ្នាំ២០១៧ មកដល់ពេលនេះ។  បណ្តាក្រសួងវិស័យជំនាញពាក់ព័ន្ធសំខាន់ៗ បានកំណត់សម្រាប់ការចូលរួមអនុវត្ត។

អង្គប្រជុំ បានបូកសរុបជាមួយលទ្ធផលទទួលបានយ៉ាងល្អប្រសើរ និងបានឯកភាពលើខ្លឹមសារ MOU នៃការបំពេញបេសកកម្ម រយៈពេល ៤ថ្ងៃ  ក្រោមការដឹកនាំរបស់ឯកឧត្តម អនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត  ហើយតំណាង ធនាគារ ADB ធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB និងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB បានឯកភាពចូលជាសហហិរញ្ញប្បទានសម្រាប់គម្រោង៕