ក្រចេះ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគ្រប់គ្រងគម្រោង សមាសភាគទី២ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ (MIWRMP3) បានដឹកនាំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ឧបករណ៍ ADCP (Acoustic Doppler Current Profiler) សម្រាប់វាស់ធារទឹក និងបង្កើតខ្សែកោងទំនាក់ទំនង (Rating Curve)។ គោលបំណងសំខាន់ គឺបណ្តុះបណ្តាលសមត្ថភាពមន្រ្តីក្រុមការងារគម្រោង បានយល់អំពីឧបករណ៍ ADCP និងការប្រើប្រាស់ ការដាក់ឧបករណ៍ក្នុងទូក និងការចុះវាស់ជាក់ស្តែង នៅក្នុងទន្លេ ការកត់ត្រាទិន្នន័យវាស់ធារទឹក និងការប្រើប្រាស់ឧបករណ៍បង្កើតខ្សែកោងទំនាក់ទំនងនឹងកម្ពស់ទឹក។
សមាសភាពចូលរួមមាន ឯកឧត្តម ឡុង សារ៉ាវុធ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេស គ.ជ.ទ.ម.ក អនុប្រធាននាយកដ្ឋាន និងមន្រ្តីក្រុមការងារបច្ចេកទេស របស់ក្រសួងធនធានទឹក និងឧតុនិយម និងលោកប្រធានមន្ទីរ និងមន្រ្តីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគីរី និងជំនាញការថ្នាក់ជាតិនៃទីប្រឹក្សាបច្ចេកទេស DHI។
ជាលទ្ធផល សិក្ខាកាមបានរៀនសូត្រ ស្វែងយល់កាន់តែប្រសើរ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើការប្រើប្រាស់ឧបករណ៍វាស់ធារទឹកទន្លេ និងមុខងារខ្សែកោង ចងក្រងបានជាទិន្នន័យធាតុចូលទៅក្នុងម៉ូដែលគ្រប់គ្រងធនធានទឹក និងឧបករណ៍គាំទ្រការធ្វើសេចក្តីសម្រេចចិត្ត លើការគ្រប់គ្រង និងការកសាងផែនការអាងទន្លេ។ សិក្ខាសាលាបន្ទាប់ នឹងបន្តអនុវត្តន៍លើការប្រតិបត្តិ និងទុកដាក់ថែទាំឧបករណ៍ ADCP របស់គម្រោង បន្ទាប់ពីបណ្តាស្ថានីយ៍ជលសាស្រ្ត និងឧតុនិយមបានបំពាក់ឧបករណ៍ទាំងស្រុង៕