Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី សេចក្តីលម្អិតនៃសំណើគម្រោងសាកល្បងថ្នាក់តំបន់ទាំងពីរ សម្រាប់អនុវត្តរបាយការណ៍ (ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២)

ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេ​មេគង្គ (MRCS) បានដំណើរការកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី សេចក្តីលម្អិតនៃសំណើ​គម្រោងសាកល្បងថ្នាក់តំបន់ទាំងពីរ សម្រាប់អនុវត្តរបាយការណ៍ស្តីពី បទពិសោធន៍ និងកាលានុវត្តភាព សម្រាប់យន្តការប្រតិបត្តិការប្រកបដោយការសម្របសម្រួល និងការរៀបចំកិច្ចសហប្រតិបត្តិការស្តីពី ប្រតិបត្តិការនៃទំនប់ ក្រោមអធិបតីភាព និងការដឹកនាំពិភាក្សាលោកដោយលោក Bountien Sanaxonh ប្រធានផ្នែកផែនការ នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS)។ សមាជិកចូលរួមកិច្ចប្រជុំរួមមាន៖ ក្រុមការងារអន្តរក្រសួង នៃប្រទេសជាសមាជិកទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីពាក់ព័ន្ធនៃ MRCS និងអ្នកជំនាញការអន្តរជាតិ។  ក្រុមការងារអន្តរក្រសួងពីកម្ពុជា ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីសំណាក់តំណាងនៃក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គិសនីកម្ពុជា និងក្រុមការងារ PNPCA នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក.។

គោលបំណងនៃកិច្ចប្រជុំគឺ៖ (១) រាយការណ៍អំពីរបាយការណ៍ថ្នាក់តំបន់ស្តីពីកិច្ចការខាងលើ ដោយបញ្ជាក់អំពីចំណុចដែលបានធ្វើបច្ចុប្បន្នភាពដ៏តិចតួចលើខ្លឹមសាររបាយការណ៍ ដែលជាលទ្ធផលចេញពីការដាក់ឆ្លងសេចក្តីព្រាងរបាយការណ៍នៅក្នុងកិច្ចប្រជុំលើកទី១០ នៃវេទិការួម របស់គណៈកម្មការទន្លេមេគង្គ (10th Meeting of the MRC Joint Platform) (២) ពិភាក្សាលម្អិតចំណុចបន្ថែមនានា ទៅលើវិសាលភាពនៃសំណើគម្រោងសាកល្បងថ្នាក់តំបន់ទាំងពីរ សម្រាប់ការអនុវត្ត និង (៣) បង្ហាញជូន និងពិភាក្សាអំពីបណ្តាការងារ និងកិច្ចការបន្ត ដែលបានស្នើសម្រាប់ការអនុវត្តសកម្មភាព។

លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំគឺការឯកភាពគ្នាជាឯកច្ឆ័ន្ទលើវិសាលភាពនៃគម្រោងសាកល្បងថ្នាក់តំបន់ទាំងពីរ សម្រាប់ការអនុវត្ត។

អង្គប្រជុំបានផ្តោតការយកចិត្តទុកដាក់ ពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួនចំនួនបីគឺ៖ (១) លទ្ធផលសំខាន់នៃ10th Meeting of the MRC Joint Platform (២) សេចក្តីលម្អិតនៃវិសាលភាពគម្រោងសាកល្បងថ្នាក់តំបន់ទី១ ស្តីពី ការបង្កើតយន្តការសហប្រតិបត្តិការសម្រាប់ការចែករំលែកទិន្នន័យ និងព័ត៌មាននៃបណ្តាទំនប់ដែលមានស្រាប់ និង (៣) សេចក្តីលម្អិតនៃវិសាលភាពគម្រោងសាកល្បងថ្នាក់តំបន់ទី២ ស្តីពី ការបង្កើតយន្តការសម្រាប់ការចែករំលែកព័ត៌មាន និងការប្រាស្រ័យទាក់ទង សម្រាប់គ្រោះអាសន្នទាក់ទងនឹងទឹក៕