ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិក គណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ (MRC-JC) តំណាងកម្ពុជា រួមនឹងសមាជិក MRC-JC ប្រទេសជាសមាជិក MRC ផ្សេងទៀត រួមមាន ឡាវ ថៃ និងវៀតណាម បានចូលរួមក្នុងកិច្ចប្រជុំពិសេសស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ផ្តោតលើវិស័យទឹក និងទិសដៅចំពោះមុខ តាមប្រព័ន្ធវីដេអូ ដែលបានរៀបចំក្នុងអំឡុងនៃសប្តាហ៍ទឹកអន្តរជាតិអាស៊ី លើកទី២ នាថ្ងៃទី ១៤-១៦ ខែមីនា ឆ្នាំ២០២២ នៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី។
សមាជិក MRC-JC នៃប្រទេសជាសមាជិក ត្រូវបានអញ្ជើញថ្លែងនូវចំណាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ខាងលើ ដោយសម្រាប់កម្ពុជា ឯកឧត្តម សូ សុភ័ទ្ទ បានលើកឡើងអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការទឹកឆ្លងដែន និងផែនការការងារដែលប្រទេសតាមដងទន្លេ រួមគ្នារៀបចំ និងអនុវត្ត និងភាពចាំបាច់នៃភាពជាដៃគូ និងការចូលរួមរបស់ភាគីពាក់ព័ន្ធ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងដោយមានកិច្ចសហការ ដើម្បីការគ្រប់គ្រង ការប្រើប្រាស់ ការអភិវឌ្ឍ និងការអភិរក្សធនធានទឹក និងធនធានពាក់ព័ន្ធ ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ៕s