Developed by Khmer Focus
ពិធីប្រគល់-ទទួលកាណូតចំនួន ០៤គ្រឿង ក្រោមសកម្មភាពការងារគ្រប់គ្រងជលសាស្រ្ត (ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្រ្តៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា និងជា​នាយក​គម្រោង​គ្រប់គ្រង​ធនធាន​ទឹកចម្រុះមេគង្គ តំណាក់កាលទី៣ ជំនួស​មុខ​ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តី ក្រសួង​ធនធានទឹក និង​ឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំពិធី​ប្រគល់-ទទួលកាណូតចំនួន ០៤គ្រឿង ក្រោមសកម្មភាពការងារគ្រប់គ្រងជលសាស្រ្ត របស់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ សមាសភាគទី២ ដល់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគីរី។

ក្នុងឱកាសប្រគល់-ទទួលនេះ ឯកឧត្តមនាយកគម្រោង បានចាប់អារម្មណ៍ថា បណ្តាសមិទ្ធផល និងលទ្ធផលការងាររបស់គម្រោងសម្រេចបាន ក៏ដោយសារមានការគាំទ្រ និងមានការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដើម្បីឱ្យមន្រ្តីអនុវត្តន៍គម្រោងបំពេញការងាររបស់ខ្លួន បានកាន់តែល្អប្រសើរ និងជោគជ័យ។ ការខិតខំរបស់មន្រ្តីអនុវត្តន៍គម្រោង បានស្តែងចេញពីការទទួលខុសត្រូវខ្ពស់ ការចូលរួមចំណែកដល់គម្រោង ក្នុងការអនុវត្តសកម្មភាព និងកសាងសមិទ្ធផលគម្រោង កសាងបានសមត្ថភាពយល់ដឹង សមត្ថភាពអនុវត្តន៍គ្រប់គ្រង ប្រើប្រាស់ និងថែទាំសមិទ្ធិផលគម្រោងនៅក្នុងថ្នាក់ជាតិ និងក្រោមជាតិ។

ការប្រគល់កាណូតទាំង ០៤គ្រៀង ជូនមន្ទីរធនធានទឹក និងឧតុនិយម នៃខេត្តគោលដៅគម្រោងទាំង៤ នាថ្ងៃនេះ ជាសក្ខីភាពមួយពីការយកចិត្តទុកដាក់កាន់តែខ្លាំងរបស់គម្រោង ក្នុងការពង្រឹងសមត្ថភាពរបស់ស្ថាប័ន លើកិច្ចការជលសាស្រ្តក្នុងគម្រោង និងក្រោយគម្រោង។ ការប្រើប្រាស់កាណូតដើម្បីគោលដៅការងារជលសាស្រ្ត សម្រាប់ការចុះយកទិន្នន័យពីបណ្តាស្ថានីយជលសាស្រ្ត ការវាស់កម្ពស់ទឹក និងធារទឹកក្នុងទន្លេ កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត កាន់តែបង្កើនគុណភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម និងរបស់មន្ទីរក្រោមឱ្យវាទ។ ជាមួយគ្នានេះដែរ ការប្រើប្រាស់ និងការថែទាំឧបករណ៍ និងសម្ភារៈទាំងអស់របស់គម្រោង ជាការចាំបាច់។

ឯកឧត្តមអនុប្រធានអចិន្រ្តៃយ៍ និងជានាយកគម្រោង បានផ្តាំផ្ញើដូចមានចំណុចមួយចំនួនដូចខាងក្រោម៖

១. សូមទទួលស្គាល អ្វីជាលទ្ធផលគម្រោង វាជាលទ្ធផលការងាររបស់យើងទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលយើងចូលរួមអនុវត្ត ទទួលបាន និងបន្តប្រើប្រាស់ និងថែទាំ

២. សូមបន្តខិតខំរៀនសូត្របន្ថែម តាមរយៈឯកសាររបាយការណ៍អនុវត្តន៍គម្រោង

៣. សូមបន្តអនុវត្តប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ការងារ ជាការរួមចំណែកពង្រឹងស្ថាប័ន និងធនធានមនុស្សរបស់ស្ថាប័ន និង

៤. សូមទាញយកប្រយោជន៍ពីការអនុវត្តគម្រោង បន្តពង្រីកសមិទ្ធផលការងារផ្សេងទៀត៕