Developed by Khmer Focus
កិច្ចប្រជុំក្រុមជំនាញផ្នែកយុទ្ធសាស្ត្រ និងភាពជាដៃគូ និងក្រុមជំនាញផ្នែកផែនការអាងទន្លេ របស់គណ:កម្មការទន្លេមេគង្គ (ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំមន្ត្រីក្រុមការងារកម្ពុជា ដែលមានសមាសភាពមកពីក្រសួងពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ មន្ត្រីសម្របសម្រួលការងារមេគង្គ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ឯកឧត្តមទីប្រឹក្សា និងលោកស្រីទីប្រឹក្សា ចូលរួមក្នុងកិច្ចប្រជុំក្រុមជំនាញផ្នែកយុទ្ធសាស្ត្រ និងភាពជាដៃគូ និងក្រុមជំនាញផ្នែកផែនការអាងទន្លេ របស់គណ:កម្មការទន្លេមេគង្គ ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន MRC តាមប្រព័ន្ធអនឡាញ និងដោយមានការចូលរួមពីមន្ត្រីក្រុមការងារ នៃប្រទេសជាសមាជិក MRC មន្ត្រីជំនាញនៃលេខាធិការដ្ឋាន MRC និងមន្រ្តីតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សា៖ (i) ការបង្កើតមូលនិធិមេគង្គ (Mekong Fund) ដែលមានសេចក្តីព្រាងឯកសារគោលគំនិតចុងក្រោយស្តីពី ការស្វែងរកជម្រើសហិរញ្ញវត្ថុសម្រាប់មូលនិធិមេគង្គ តាមរយៈភាពជាដៃគូ និងប្រភពហិរញ្ញប្បទាននានា សម្រាប់អត្ថប្រយោជន៍នៃច្រកបង្អួចចំនួន ៤គឺ ១. គាំពារទ្រព្យធនធានបរិស្ថាន ២. ការឆ្លើយតបនឹងគ្រោះមហន្តរាយ ៣. គាំទ្រជីវភាពរស់នៅក្រុមដែលងាយរងគ្រោះ និង ៤. ការកែលំអ និងការប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធទឹក (ii) ការយល់ព្រមលើវិធីឆ្ពោះទៅមុខដើម្បីធ្វើការសិក្សាករណីសិក្សាអំពីយន្តការហិរញ្ញប្បទាន រួមទាំងកម្រងសំណួរដែលត្រូវប្រើ (iii) សំណើផែនការចង្អុលថ្នាក់ជាតិ របស់ប្រទេសសមាជិកទាំង៤ (NIPs) 2021-2025 (iv) ការធ្វើបច្ចុប្បន្នភាពលើលទ្ធផលដែលទទួលបានពីការអនុវត្តគម្រោងរួមគ្នាស្តីពី ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតនៅអនុតំបន់ 9C និង 9T រវាងប្រទេសកម្ពុជា និងប្រទេសថៃ និង (v) បណ្តាបញ្ជីគម្រោងរបស់ដៃគូអភិវឌ្ឍន៍ ដែលកំពុងអនុវត្តគាំទ្ររដ្ឋាភិបាលប្រទេសជាសមាជិកទាំង៤។

ជាលទ្ធផល អង្គប្រជុំទទួលបានមតិយោបល់កែលំអលើឯកសារគោលគំនិតចុងក្រោយ និងបានឯកភាពឱ្យលេខាធិការដ្ឋាន បន្តដំណើរការងារតាមសំណើ និងលើករណីសិក្សាយន្តការហិរញ្ញប្បទានទាក់ទងការបង្កើតមូលនិធិមេគង្គ និងបានស្នើសុំលេខាធិការដ្ឋានទទួលយកមតិយោបល់អង្គប្រជុំ រៀបចំដាក់បញ្ជូលសំណើ NIP របស់ប្រទេសជាសមាជិក និងបញ្ជីគម្រោងរបស់ដៃគូអភិវឌ្ឍន៍លើកឡើងប្រទាក់គ្នាដាក់ជូនប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍ពិនិត្យ៕