សៀមរាប៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ត្រូវបានចាត់ឱ្យចូលរួម កិច្ចប្រជុំកំពូលការប្រែប្រួលអាកាសធាតុលើកទី២ ឆ្នាំ២០២២ (CCCS22) ដែលរៀបចំដោយក្រសួងបរិស្ថាន។ សមាជិកចូលរួមកិច្ចប្រជុំកំពូលនេះរួមមាន៖ សហគមន៍មូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល យុវជន ដៃគូអភិវឌ្ឍន៍ អង្គទូត (សហរដ្ឋអាមេរិក អូស្រ្តាលី និងចក្រភពអង់គ្លេស) ស្ថាប័ននៃរាជរដ្ឋាភិបាល (ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងទេសចរណ៍ និងរាជបណ្ឌិតសភា) និងវិស័យឯកជន រួមមាន ក្រុមហ៊ុន Forte Insurance, Heineken, Smart Axiata, BritCham, YEAC, និង iDE Globe សម្រាប់កិច្ចសហប្រតិបត្តិការ និងដៃគូក្នុងការចូលរួមវិភាគទានដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងនាំកម្ពុជាឆ្ពោះទៅរកកម្រិតកាបូនទាប ភាពធន់ និងការលូតលាស់ប្រកបដោយចីរភាព។
ប្រធានបទរួមនៃសន្និសីទគឺនិរន្តរភាព រួមទាំងពិពណ៌ចំនួន២០បញ្ជរ ដែលជាលទ្ធផលនៃដំណោះស្រាយ និងគម្រោងនានាប្រកបដោយនិរន្តរភាពនៅមូលដ្ឋាននៃកម្ពុជា។ រីឯខ្លឹមសារនៅខាងក្រោយប្រធានបទនៃសន្និសីទគឺ កិច្ចសហប្រតិបត្តិការវិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវីល ធ្វើការជាមួយគ្នាដើម្បីអភិវឌ្ឍន៍បណ្តាយុទ្ធសាស្រ្តថ្មីៗ ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំនេះរួមបញ្ចូលផងដែរនូវការប្តេជ្ញាចិត្តនៅកម្រិតជាតិក្នុងការបំពេញការងារក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងក្រុងប៉ារីស និងការអភិវឌ្ឍយុទ្ធសាស្រ្តវិស័យឧស្សាហកម្ម និងដៃគូសង្គមស៊ីវីល ដើម្បីឈានយ៉ាងរហ័យទៅកាន់ carbon-neutral នាអនាគតកាល។
កិច្ចប្រជុំកំពូលនេះមានរួមបញ្ចូលនូវប្រធានបទមួយចំនួនទៀតស្តីពី ថាមពលកកើតឡើងវិញ ហិរញ្ញវត្ថុបៃតង/ហិរញ្ញវត្ថុអាកាសធាតុ គោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) និងវណ្ណកម្មបច្ចេកវិទ្យាបរិស្ថាន នៅក្នុងបណ្តាស្ថាប័នពាក់ព័ន្ធជាច្រើនរួមមាន កសិកម្ម គមនាគមន៍ ទេសចរណ៍ និងពាណិជ្ជកម្ម ដោយមានវគ្គ (Sessions) ជាច្រើនទៀត។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកជាវេទិកាមួយសម្រាប់ការចែករំលែកទស្សនៈ និងគំនិតផ្តួចផ្តើមនានាជុំវិញបណ្តាប្រធានបទដូចមានបញ្ជាក់ខាងលើ ក្នុងទម្រង់ផ្សេងៗ រួមមានការធ្វើបទបង្ហាញ ការពិភាក្សា កិច្ចប្រជុំ ការអនុវត្តបង្ហាញ និងក្រុមពិក្សា ឬការពិភាក្សាតុមូល។
ឯកឧត្តម គល់ វឌ្ឍនា ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិនជាមួយវាគ្មិនផ្សេងៗទៀតដែលអញ្ជើញមកពីក្រសួងបរិស្ថាន WWF និងរាជបណ្ឌិតសភាកម្ពុជា នៅក្នុងក្រុមពិភាក្សាមួយក្រោមប្រធានបទ “កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជួយសង្រ្គោះធនធាន និងប្រព័ន្ធអេកូឡូស៊ីជលសាស្រ្តក្នុងអាងទន្លេមេគង្គក្រោម” ដែលគោលបំណងនៃក្រុមពិភក្សានេះគឺ៖ (១) លើកកម្ពស់ការយល់ដឹងក្នុងចំណោមសហគមន៍អាស្រ័យលើទន្លេ និងសាធារណៈ និងអំពាវនាវនូវការចូលរួមយ៉ាងសកម្ម និងកិច្ចខិតខំរួមគ្នា ដើម្បីធ្វើឱ្យមាននិរន្តរភាពនូវប្រព័ន្ធអេកូឡូស៊ីមេគង្គ និងធនធានជលសាស្រ្ត (២) ដើម្បីស្តាប់នូវទស្សនៈផ្សេងៗពីអ្នកជំនាញពាក់ព័ន្ធ និងអ្នកអភិរក្សនានាអំពីមធ្យោបាយដែលអាចធ្វើបានក្នុងការជួយសង្គ្រោះធនធាន និងប្រព័ន្ធអេកូឡូស៊ីជលសាស្រ្តក្នុងអាងទន្លេមេគង្គក្រោម (៣) ដើម្បីស្តាប់នូវទស្សនៈផ្សេងៗពីអ្នកជំនាញ ថាតើកម្ពុជាអាចធ្វើឱ្យប្រសើរឡើងនូវកិច្ចសហការឆ្លងដែនដោយរបៀបណា ដើម្បីគ្រប់គ្រង និងសង្គ្រោះធនធាន និងប្រព័ន្ធអេកូឡូស៊ីជលសាស្រ្តក្នុងអាងទន្លេមេគង្គក្រោម៕