Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់លើកទី១៣ របស់ក្រុមជំនាញផ្នែកទិន្នន័យ ម៉ូដែល និងព្យាករណ៍ (ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២)

បាងកក៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំថ្នាក់តំបន់លើកទី១៣ របស់ក្រុមជំនាញផ្នែកទិន្នន័យ ម៉ូដែល និងព្យាករណ៍ របស់គណៈកម្មការទន្លេមេគង្គ ដោយផ្តោតលើការសិក្សារួមគ្នាស្តីពី បម្រែបម្រួលជលសាស្ត្រក្នុងអាងទន្លេមេគង្គ-ឡានឆាង និងយុទ្ធសាស្ត្របន្ស៊ាំ។ កិច្ចប្រជុំក៏បានសហការដឹកនាំដោយលោក Tran Minh Khoi នាយកផ្នែកគាំទ្របច្ចេកទេស និងជាតំណាងលេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីក្រុមការងារនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។ ដោយឡែក សមាសភាពក្រុមការងារកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំ រួមមានតំណាងពីក្រសួងនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី ១. ពិភាក្សាលើរបាយការណ៍បច្ចេកទេសស្តីពី បម្រែបម្រួលជលសាស្ត្រក្នុងអាងទន្លេមេគង្គ-ឡានឆាង និងយុទ្ធសាស្ត្របន្ស៊ាំ ២. ការវាយតម្លៃបឋមលើទំនាក់ទំនងអាកាសធាតុ លំហូរ និងរបបលំហូរ និង ៣. ពិនិត្យលើអនុសាសន៍របស់ប្រទេសជាសមាជិកលើយុទ្ធសាស្រ្តបន្ស៊ាំរយៈពេលខ្លី៕