Developed by Khmer Focus
វេទិការ​សន្ទនា ASEAN TALK ស្តី​ពី សន្តិ​សុខ​ទឹក​តំបន់​មេគង្គ (ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ២០១៦)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​ជា​វាគ្មឹន ក្នុង​វេទិកា​សន្ទនា​អាស៊ាន​ស្តី​ពី សន្តិ​សុខ​ទឹក​ក្នុង​តំបន់​ទន្លេ​មេគង្គ ដែល​សហ​ការ​រៀប​ចំ​ដោយ ​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​សហ​ប្រតិ​បត្តិការ និង​សន្តិ​ភាព (CICP) និង​មជ្ឈ​មណ្ឌល HABIBIE ឥណ្ឌូ​នេស៊ី នៅ​សណ្ឋាគារ Raffles Le Royal Hotel រាជ​ធានី​ភ្នំពេញ។ វេទិកា​សន្ទនា​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះ​រាជ​អធិបតី​ភាព​សម្តេច នរោត្តម សិរីវុឌ្ឍ ព្រះ​​ប្រធាន​ស្ថានិក CICP ដែល​បាន​បន្ទូលបើក​អង្គ​វេទិកា និង​ចំណាប់​អារម្មណ៍​របស់​តំណាង​មជ្ឈ​មណ្ឌល HABIBIE និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​វាគ្មឹន​ធ្វើ​បទ​ឧទ្ទេស​នាម ពី​មន្រ្តី​តំណាង​ក្រសួង-​ស្ថាប័ន​ជាតិ តំណាង​ស្ថាទូត​នានា តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ-​អន្តរជាតិ និង​និស្សិត​សកល​វិទ្យាល័យ​នានា សរុបចំនួន ៣៨រូប។

អង្គ​វេទិកា​បាន​ដំណើរ​ការ​ដោយ​បាន​ស្តាប់​នូវ​បទឧទ្ទេស​នាម​ចំនួន ០៤៖

  • (១) បញ្ហា និង​ភាព​ប្រឈម​នានា​ពាក់​ព័ន្ធ​សន្តិ​សុខ​ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម រៀប​ចំ​ដោយ ​ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា
  • (២) ផល​ប៉ះ​ពាល់​នៃ​វារីអគ្គិសនី​លើ​ទន្លេ​មេ​ចំពោះ​សន្តិ​សុខ​មនុស្ស រៀប​ចំ​ដោយ​ឯកឧត្តម ពូ សុធារ័ក អគ្គ​នាយក CICP
  • (៣) អភិបាល​កិច្ច​ទន្លេ​មេគង្គ និង​ការ​កសាង​សមាគមន៍​អាស៊ាន ដោយ​លោក​បណ្ឌិត ឈាង ប៊ុណ្ណារិទ្ធ ប្រធាន​វិទ្យា​ស្ថាន​យុទ្ធ​សាស្រ្ត​សិក្សា​កម្ពុជា និង​ជា​ជំនាញ​ការ​សម្រាប់​មូល​នីធិ NIPPON សឹង្ហបុរី
  • (៤) ការ​សាង​សង់​ទំនប់​លើ​ដៃ​ទន្លេ​មេគង្គ ពាក់​ព័ន្ធ​សន្តិ​សុខ​ទឹក និង​កិច្ច​ព្រម​ព្រៀង​មេគង្គ​១៩៩៥ រៀប​ចំ​ដោយ​លោក​បណ្ឌិត ម៉ក់ សិទ្ធារិទ្ធ សាស្រ្តា​ចារ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ឯកឧត្តម វ៉ាត់ បុត្តកុសល បាន​ចូល​រួម​ចែក​រំលែក​នូវ​ចំណេះ​ដឹង និង​ព័ត៍​មាន ពាក់​ព័ន្ធ​នឹង​បញ្ហា និង​ភាព​ប្រឈម​នានា​ពាក់​ព័ន្ធ​សន្តិ​សុខ​ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម ដោយ​បាន​បង្ហាញ​ច្បាស់​ជំហរ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ខាភិបាល ​ផ្សារ​ភ្ជាប់​ជា​មួយ​ទស្សនៈ​សន្តិ​សុខ​ទឹក ដែល​មាន​ស្ថាប័ន​ជាតិ​អនុវត្ត ជា​ពិសេស​ដូច​ជា ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​បំពេញ​ភារកិច្ច​បាន​ច្រើន​ក្នុង​កិច្ច​ការ​គ្រប់​គ្រង និង​អភិវឌ្ឍន៍​ធន​ធាន​ទឹក​នៅ​កម្ពុជា រួម​ទាំង​ការ​កសាង​បទដ្ឋាន​គតិយុត្តិ ច្បាប់​ស្តី​ពី ការ​គ្រប់​គ្រង​ធន​ធាន​ទឹក ការ​កសាង​គោល​នយោបាយ និង​យុទ្ធសាស្រ្ត ការ​សិក្សា​វាយ​តម្លៃ​ធន​ធាន​ទឹក​ក្នុង​ប្រទេស ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទឹក-​ទំនប់​ប្រឡាយ និង​ការ​កសាង​អាង​ស្តុក​ទឹក​ជា​ដើម និង​ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ បាន​បំពេញ​ភារកិច្ច ទាក់​ទង​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុង​តំបន់ ក្នុង​ក្របខ័ណ្ឌ​គណៈ​កម្មការ​ទន្លេ​មេគង្គ ចូល​រួម​បង្កើត​បទដ្ឋាន​គតិយុត្តិ ច្បាប់-​កិច្ច​ព្រម​ព្រៀង​មេគង្គ​១៩៩៥ នីតិ​វិធី​ប្រើ​ប្រាស់ គ្រប់​គ្រង និង​ពិនិត្យ​វាយ​តម្លៃ​ធន​ធាន​ទឹក ការ​កសាង​ផែន​ការ​អភិវឌ្ឍន៍​អាង និង​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​អាង​ទន្លេ មាន​ការ​សិក្សា និង​វាយ​តម្លៃ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ទន្លេ​មេគង្គ ដែល​បាន​សហការ​រៀប​ចំ​រវាង​ប្រទេស​ជា​សមា​ជិក និង​គណៈ​កម្មការ​ទន្លេ​មេគង្គ។ ចំពោះ​បញ្ហ​គ្រប់​គ្រង​ធន​ធាន​ទឹក និង​ភាព​ប្រឈម​នានា ចាំ​បាច់​ត្រូវ​ចូល​រួម​ដោះ​ស្រាយ​រួម​គ្នា ដើម្បី​ពង្រឹង​សន្តិ​សុខ​ទឹក​នៅ​ក្នុង​តំបន់ និង​ក្នុង​ប្រទេស​តាម​រយៈ​សំណើ​រៀប​ចំ​ផែន​ការ​សន្តិ​សុខ​ទឹក​របស់​ប្រទេស និង​តម្រូវ​ការ​ថវិកា​សម្រាប់​ដំណើរ​ការ។

ជារួម អង្គ​វេទិកា បាន​វាយ​តម្លៃ​ខ្ពស់​អំ​ពី​ប្រធាន​បទ​សន្តិ​សុខ​ទឹក​ក្នុង​តំបន់​មេគង្គ ដែល​ត្រូវ​ពង្រីក​វិសាល​ភាព​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល ហើយ​បាន​កត់​សម្គាល់​ថា គណៈ​កម្មការ​ទន្លេ​មេគង្គ អាច​ជា Sub-regional Institute (នៃ​អាស៊ាន​ដែល​ជា Regional Institute) សម្រាប់​កិច្ច​ការ​សម្រប​សម្រួល​លើ​បញ្ហា​សន្តិ​សុខ​ទឹក ក្នុង​តំបន់​ទន្លេ​មេគង្គ ប៉ុន្តែ​ស្នើ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ចិន និង​មីយ៉ានម៉ា ទើប​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ហើយ​សំណូម​ពរ​ថា ក្នុង​តំបន់​អាស៊ាន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការ​ងារ​សន្តិ​សុខ​ទឹក​ជា​ចម្បង ចាប់​ពី​ពេល​នេះ​តទៅ និង​ស្នើ​សុំ​ប្រទេស​ជំនួយ និង​ដៃ​គូ​អភិវឌ្ឍន៍ ពិចារណា​ការ​ផ្តល់​ថវិកា​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម៕