កិច្ចប្រជុំលើកទី៤៣ របស់គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ (ថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៦)
(MRC-JC)
វៀតណាម៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកគណៈកម្មាធិការរួម នៃគណៈកម្មាធិការទន្លេមេគង្គ តំណាងកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចំនួន ០៧រូប ដែលមានមន្ត្រីតំណាងមកពីក្រសួងពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងបរិស្ថាន ចូលរួមក្នុងកិច្ចប្រជុំលើកទី៤៣ របស់គណៈកម្មាធិការរួម នៅទីក្រុង កាន់ធឺ ប្រទេសវៀតណាម។
កិច្ចប្រជុំនេះ មានអ្នកចូលរួមមកពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ (កម្ពុជា ឡាវ ថៃ វៀតណាម) និងមន្ត្រីលេខាធិការដ្ឋាន MRC សរុបចំនួន ៥៨រូប។
កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងទទួលបានលទ្ធផលដូចខាងក្រោម៖
- អង្គប្រជុំបានស្តាប់របាយការណ៍ វឌ្ឍនភាពនៃការអនុវត្តសកម្មភាព ទាំងផ្នែកអភិបាលកិច្ច និងផ្នែកបច្ចេកទេស របស់លេខាធិការដ្នាន គណៈកម្មការទន្លេមេគង្គ ដែលរាយការណ៍ដោយលោកនាយកប្រតិបត្តិលេខាធិការដ្ឋាន
- អង្គប្រជុំបានកត់ត្រា និងអនុម័តជាគោលការណ៍ លើផែនការបុគ្គលិក និងការជ្រើសរើសបុគ្គលិក សម្រាប់ដំណើរការរចនាសម្ព័ន្ធថ្មី របស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។ ប៉ុន្តែនៅសល់បញ្ហាគន្លឹះមួយចំនួន នឹងត្រូវលើកទៅពិភាក្សាបន្ថែម នៅក្នុងកិច្ចប្រជុំរបស់ក្រុមការងារគណៈកម្មាធិការរួម នាពេលឆាប់ៗខាងមុខនេះ
- អង្គប្រជុំបានស្តាប់ និងកត់ត្រាពី វឌ្ឍនភាពការងារសហប្រតិបត្តិការ ជាមួយប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) និងបានពិភាក្សាផ្តល់ការយល់ព្រម លើសំណើរបស់ភាគីចិនស្តីពី ការសិក្សារួមគ្នាទៅលើផលប៉ះពាល់លំហូរទឹក មកលើទន្លេមេគង្គនៅក្នុងរដូវប្រាំង បណ្តាលមកពីទំនប់វារីអគ្គិសនី ក្នុងទន្លេឡាងសាង នៅភាគខាងលើ
អង្គប្រជុំបានកត់ត្រា និងផ្តល់ការយល់ព្រម លើបញ្ហាដែលមានលក្ខណៈជាយុទ្ធសាស្ត្រ និងនីតិវិធីមួយចំនួនដូចជា គោលការណ៍ណែនាំបច្ចេកទេស សម្រាប់អនុវត្តនីតិវិធី គុណភាពទឹក, ការកំណត់បៀវត្សថ្មី សម្រាប់បុគ្គលិកលេខាធិការដ្ឋាន ក្នុងរចនាសម្ព័ន្ធថ្មីរបស់ខ្លួន និងវឌ្ឍនភាពការងារស្តីពី វេទិការរួមសម្រាប់គាំទ្រការអនុវត្តនីតិវិធីនានា របស់គណៈកម្មការទន្លេមេគង្គ, វឌ្ឍនភាពនៃការអនុវត្តការងារ វិមជ្ឈការមុខងារស្នូលរបស់គណៈកម្មការទន្លេមេគង្គ។ ដោយឡែក បញ្ហាផែនការមេសម្រាប់ការដឹកជញ្ជូនតាមផ្លួវទឹក ក្នុងអាងទន្លេមេគង្គភាគខាងក្រោម អង្គប្រជុំបានពិភាក្សា តែពុំទាន់សម្រេចយល់ព្រម ដោយភាគីឡាវ រងចាំយោបល់ពីក្រសួងពាក់ព័ន្ធរបស់ខ្លួន៕