កិច្ចប្រជុំលើកទី៤ នៃវេទិការួម សម្រាប់ការអនុវត្តនីតិវិធីទាំង៥ របស់ MRC (ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៤ នៃវេទិការួម សម្រាប់ការអនុវត្តនីតិវិធីទាំង៥ របស់គណៈកម្មការទន្លេមេគង្គ នៅទីក្រុងសៀមរាប ដោយមានមន្ត្រីនៃប្រទេសជាសមាជិកទាំង៤ របស់គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ៖ ១- ធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនៈភាព នៃការអនុវត្តនីតិវិធីក្រោមវេទិការួម ជាពិសេសនីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រាង (PNPCA) ២- ជម្រាបជូន និងពិភាក្សាលើបទពិសោធន៍ស្តីពី ការអនុវត្ត PNPCA កន្លងមក ៣- ពិភាក្សាលើសេចក្តីព្រាងឯកសារពន្យល់លើ PNPCA ៤- ជម្រាបជូន និងពិភាក្សាបញ្ចប់លើផែនការសកម្មភាពរួម សម្រាប់ការអនុវត្តសេចក្តីថ្លែងការរបស់គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គស្តីពីគម្រោងវារីអគ្គិសនី ប៉ាក់បេង របស់ឡាវ សម្រាប់ដាក់សុំការអនុម័តពីគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ និង ៥- ពិនិត្យឡើងវិញនូវឯកសារល័ក្ខខ័ណ្ឌការងារសម្រាប់ក្រុមការងារវេទិការរួម៕