ទស្សនៈកិច្ចរបស់ជំនាញការអន្តរជាតិ របស់ការសិក្សាក្រុមប្រឹក្សា នៃគណៈកម្មការទន្លេមេគង្គ នៅតំបន់ទន្លេសាប ប្រទេសកម្ពុជា (ថ្ងៃទី ២៥‑២៨ ខែមីនា ឆ្នាំ២០១៥)
(CNMC-MRC)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សហការជាមួយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀបចំការធ្វើទស្សនៈកិច្ចសិក្សា របស់ក្រុមជំនាញការអន្តរជាតិស្តីពី ការវាយតម្លៃធនធានជីវចម្រុះ របស់ការសិក្សាក្រុមប្រឹក្សា ក្នុងតំបន់បឹងទន្លេសាប ប្រទេសកម្ពុជា នៅខេត្តបាត់ដំបង និងខេត្តសៀមរាប ដោយមានការសម្របសម្រួលពីក្រុមការងារកម្ពុជា ដឹកនាំដោយឯកឧត្ដម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាមន្រ្តីសម្របសម្រួលសកម្មភាព Council Study កម្ពុជា និងមានការចូលរួមដោយឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប លោក សុខ ខុម មន្ត្រីសម្របសម្រួលកម្មវិធីជលផល នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក ឆេង ផែន អនុប្រធានក្តាប់រួម នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏ជលផលទឹកសាប នៃរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីពាក់ព័ន្ធមកពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ និងក្រុមជំនាញការអន្តរជាតិ ចូលរួមសរុបចំនួន ៣០រូប។
ក្នុងរយៈពេលពីរថ្ងៃនេះ ក្រុមទស្សនៈកិច្ចបានធ្វើទស្សនៈកិច្ចទៅកាន់បន្ទាយសត្វស្លាប នៃឋបនីយ៍ជីវមណ្ឌល បឹងទន្លេសាប ក្នុងខេត្តបាត់ដំបង និងទៅកាន់កំពង់ឃ្លាំង ក្នុងខេត្តសៀមរាប ដើម្បីស្វែងយល់អំពីប្រព័ន្ធអេកូឡូស៊ី ប្រភេទរុក្ខជាតិ សត្វស្លាប ថនិកសត្វ ត្រី អំពីសណ្ឋានដី និងការប្រើប្រាស់ដី សម្រាប់ដំណាំកសិកម្ម នៅក្នុងតំបន់ទាំងនោះ។
ក្រុមទស្សនៈកិច្ចបានវាយតម្លៃខ្ពស់ពីសកម្មភាព និងលទ្ធផលនៃទស្សនៈកិច្ចសិក្សាមកកាន់តំបន់បឹងទន្លេសាប ប្រទេសកម្ពុជា ដែលជាផ្នែកសំខាន់នៃតំបន់ទស្សនៈកិច្ចសិក្សា និងបានពិភាក្សាបូកសរុប និងវាយតម្លៃលទ្ធផលទទួលបានក្នុងដំណើរទស្សនៈកិច្ចសិក្សានេះ ដោយកំណត់បាននូវរបៀបវិនិច្ឆ័យនៃការវាយតម្លៃលើធនធានជីវចម្រុះ។
ក្រុមទស្សនៈកិច្ច បានឯកភាពគ្នាលើពេលវេលាចុះទស្សនៈកិច្ចលើកទី២ ពីថ្ងៃទី 0៣‑១២ ខែកក្កដា ឆ្នាំ២០១៥ ចាប់ពីខេត្តឈៀងរ៉ៃ ប្រទេសថៃ លួងប្រាបាង ចំប៉ាសាក់ ប្រទេសឡាវ និងនៅស្ទឹងត្រែង ក្រចេះ ប្រទេសកម្ពុជា៕