Developed by Khmer Focus

កិច្ច​ប្រជុំ​រវាង​ក្រុម​ជំនាញ​ការ​អន្តរ​ជាតិ មក​ពី MRC ជាមួយ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧)

ជំពូក៖ MRC Council Study

ភ្នំពេញ៖ មន្រ្តី​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា រួម​មាន ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការ​រង និង​លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង បាន​ចូល​រួម​សម្រប​សម្រួល និង​សហការ​ដឹក​នាំ​កិច្ចប្រជុំរវាង​ក្រុម​ជំនាញ​ការ​អន្តរ​ជាតិ មក​ពី​គណៈ​កម្មការ​ទន្លេ​មេគង្គ ជាមួយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅ​សាល​ប្រជុំ​ក្រសួង ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម និង​ដឹក​នាំ​ដោយ​ឯកឧត្តម ប៉ែន ធារង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និងមន្រ្តីជំនាញ និងក្រុមជំនាញការអន្តរជាតិរបស់គណៈកម្មការទន្លេមេគង្គសរុបចំនួន ១៧រូប។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាលើលទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ដែលពាក់ព័ន្ធនឹងការពិចារណារបស់ក្រសួងជំនាញ ពីលទ្ធផលវាយតម្លៃផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាននៃការអភិវឌ្ឍផ្តោតសំខាន់ វារីអគ្គិសនី លើវិស័យផ្សេងទៀត។ បន្ទាប់ពីបានស្តាប់បទបង្ហាញ អង្គប្រជុំបានវាយតម្លៃពីសារសំខាន់នៃការសិក្សា បានពិភាក្សាស្វែងយល់ផុសផុល និងបានផ្តល់អនុសាសន៍សំខាន់ រួមមាន៖ ការវាយតម្លៃផលខាត និងផលចំណេញលើសេណារីយ៉ូអភិវឌ្ឍន៍វារីអគ្គិសនី ដែលត្រូវពិចារណាអំពី ផលប៉ះពាល់ឆ្លងដែន ពីប្រទេសខាងលើ មកប្រទេសខាងក្រោម និងការកសាងសេណារីយ៉ូដែលបង្ហាញពីដំណោះស្រាយផលប៉ះពាល់អវិជ្ជមានផ្នែកជលផល ដែលប៉ះពាល់ខ្លាំងជាងគេ តាមលទ្ធភាពដែលអាចធ្វើបាន តាមបែបវិទ្យាសាស្រ្តទំនើប។ អង្គប្រជុំបានស្នើសុំមានការបញ្ជូនលទ្ធផលសិក្សា មកក្រសួងជាផ្លូវការសម្រាប់ការពិចារណា៕