ទទួលជួប និងពិភាក្សាការងារជាមួយក្រុមមន្រ្តីបច្ចេកទេស និងជំនាញការអន្តរជាតិ (ថ្ងៃទី ០២-០៦ ខែកក្កដា ឆ្នាំ២០១៨)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគ្រប់គ្រង សមាសភាគទី២ នៃគម្រោង គ្រប់គ្រងធនធានទឹកចម្រុះមេគង្គ ដំណាក់កាលទី៣ និងមន្រ្តីសមាជិកក្រុមការងារនៃគម្រោង បានទទួលជួប និងពិភាក្សាការងារជាមួយក្រុមមន្រ្តីបច្ចេកទេស និងជំនាញការអន្តរជាតិ របស់ធនាគារពិភពលោក ដែលបានរៀបចំនៅការិយាល័យ ធនាគារពិភពលោកក្រុងភ្នំពេញ និងនៅសាលប្រជុំ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្នុងគោលបំណង ដើម្បីពិភាក្សាលើរបាយការណ៍ស្តីពី លទ្ធផលនៃដំណើរការអនុវត្តគម្រោង ដូចជាការងាររដ្ឋបាល ការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្ម ការបង្កើតអនុក្រុមការងារបច្ចេកទេស ផែនការសកម្មភាពជ្រើសរើសក្រុមហ៊ុនជំនាញការ សកម្មភាពផ្សេងទៀតដែលមាននៅក្នុងផែនការប្រចាំឆ្នាំ២០១៨ និងការព្រមព្រៀងលើផែនការសកម្មភាពជំហ៊ានបន្ទាប់។ ភាគីទាំងពីរក៏បានពិភាក្សាលំអិតបន្ថែមទៀតលើរបាយការណ៍បឋម និងផែនការសកម្មភាពរបស់ក្រុមហ៊ុនជំនាញការ eWater ការរៀបចំកែលំអប្រព័ន្ធព័ត៌មានរបស់ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ការបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងទន្លេថ្នាក់ក្រោមជាតិ និងការងារធានាសុវត្ថិភាពបរិស្ថាន ចំពោះសំណង់ការិយាល័យនៅតាមខេត្ត។
កិច្ចប្រជុំបូកសរុបបានពិភាក្សាតាមវីដេអូកុងហ្វេរ៉ង់ ជាមួយអ្នកស្រី Eileen Burke ប្រធានក្រុមដឹកនាំ និងពិភាក្សាផ្ទាល់ជាមួយជំនាញការអន្តរជាតិ និងមន្រ្តីជំនាញការបច្ចេកទេស របស់ធនាគារពិភពលោក និងក្រុមការងារកម្ពុជា។
កិច្ចប្រជុំបានឯកភាពលើចំណុចបញ្ហា និងផែនការសកម្មភាពនៃដំណើរការងារលទ្ធកម្ម ការងារគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាល ការងារធានាសុវត្ថិភាព ប្រព័ន្ធព័ត៌មានរបស់ គ.ជ.ទ.ម.ក សំភារៈបរិក្ខា និងការងារសំណង់ស៊ីវិល ដែលទាក់ទងទៅនឹងការដាក់ស្ថានីយ៍ជលសាស្រ្ត និងឧតុនិយម នាពេលខាងមុខក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរនូវដំណើរការការងារ និងសម្រេចបានទាន់ពេលវេលា តាមផែនការដែលបានឯកភាពក្នុងឆ្នាំ២០១៨។ ការកំណត់មុខងាររបស់អនុក្រុមការងារអនុវត្តគម្រោងទាំងពីរ ដែលនឹងបំពេញការងារជាមួយក្រុមជំនាញការ យន្តការសន្ទនាឆ្លងដែន និងការបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងទន្លេថ្នាក់ក្រោមជាតិ មតិយោបល់ជុំវិញការកែលំអឯកសាររបាយការណ៍ និងផែនការសកម្មភាពរបស់ eWater ការត្រៀមលក្ខណៈរៀបចំសិក្ខាសិលាថ្នាក់ជាតិនាថ្ងៃ០៣ ខែកញ្ញា ឆ្នាំ២០១៨ អំពីផែនការណ៍អភិវឌ្ឍន៍អាងទន្លេ គំរូម៉ូដែល និងការសន្ទនាឆ្លងដែន ដែលជាឱកាសដ៏ល្អសម្រាប់គម្រោងធំៗមួយចំនួន ដែលធ្វើការងារទាក់ទងទៅនិងផែនការអភិវឌ្ឍន៍ធនធានទឹក ផ្លាស់ប្តូរព័ត៌មានគម្រោង បទពិសោធន៍ និងមេរៀនល្អៗទៅវិញទៅមក៕