Developed by Khmer Focus

ជួបប្រជុំរួមក្រុមការងារគម្រោង គ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែនក្នុងតំបន់ដីសណ្តទន្លេមេគង្គ និងតំបន់សេសាន-ស្រែពក (ថ្ងៃទី ១៨-១៩ ខែតុលា ឆ្នាំ ២០១៨)

វៀតណាម៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ឯកឧត្តម ម៉ៅ ហាក់ អគ្គលេខាធិការ​រង អាជ្ញាធរ​ទន្លេសាប បាន​ដឹក​នាំ​ក្រុម​ការងារ​គម្រោង គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​ឆ្លង​ដែន ក្នុង​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ និង​តំបន់​សេសាន-​ស្រែពក របស់​កម្ពុជា ជួប​ប្រជុំ​រួម​ជា​មួយ​ក្រុម​ការងារ​គម្រោង របស់​វៀតណាម ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងតំណាងធនាគារពិភពលោក ដែលជាម្ចាស់ជំនួយលើគម្រោងទាំង០២នេះ។

កិច្ចប្រជុំរួមនេះគឺដើម្បី ១) ពិនិត្យលើអនុសាសន៍ និងកំណត់ទិសដៅសម្រាប់បញ្ចប់លើឯកសារជម្រើសយន្តការសម្របសម្រួលការគ្រប់គ្រងធនធានទឹកឆ្លងដែន ២) ពិភាក្សាលើការរៀបចំផែនការសកម្មភាពឆ្លងដែនរួម ៣) ពិភាក្សាលើជម្រើសសម្រាប់ទ្រទ្រង់ដល់ការអនុវត្តផែនការសកម្មភាពរួម និង ៤) ពិនិត្យលើស្ថានភាពនៃការអនុវត្តគម្រោង។ គម្រោង គ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែនក្នុងតំបន់ដីសណ្តទន្លេមេគង្គ និងតំបន់សេសាន-ស្រែពក នេះ មានលទ្ធផលគោលចំនួន ៣ គឺ ១) ការកំណត់នូវបញ្ហាឆ្លងដែនរួម (ដែលលទ្ធផលគោលទី១ នេះបានបញ្ចប់ជាស្ថាពរ) ២) ការកំណត់នូវយន្តការសម្របសម្រួលឆ្លងដែន (ដែលនឹងត្រូវបញ្ចប់ក្រោយកិច្ចប្រជុំនេះ) និង ៣) ការរៀបចំផែនការសកម្មភាពរួម និងការអនុវត្ត (ដែលនឹងត្រូវរៀបចំឡើង និងអនុវត្តក្រោយកិច្ចប្រជុំនេះ)៕