សន្និសីទអន្តរជាតិស្តីពី បណ្តាញវៃឆ្លាតទឹកសម្រាប់ឆ្នាំ២០១៨ (ថ្ងៃទី ១២-១៥ ខែវិច្ឆិកា ឆ្នាំ២០១៨)
កូរ៉េ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួម សន្និសីទអន្តរជាតិស្ដីពី បណ្តាញវៃឆ្លាតទឹកសម្រាប់ឆ្នាំ២០១៨ ដែលរៀបចំដោយក្រសួងបរិស្ថាន កូរ៉េ សហការជាមួយ សមាគមន៍ក្រុមវិទ្យាសាស្ត្រទឹក និងគ្រឹះស្ថានអប់រំ និងសកលវិទ្យាល័យកូរ៉េ ក្នុងគោលបំណងស្វែងយល់ពីបញ្ហា និងភាពប្រឈមនានាពាក់ព័ន្ធធនធានទឹក និងការគ្រប់គ្រងធនធានទឹក ដែលបានចែករំលែកពីអ្នកចូលរួមតំណាងស្ថាប័នជាតិ និងអន្តរជាតិ មកពីបណ្តាប្រទេសផ្សេង។ ប្រទេសក្នុងតំបន់ទន្លេមេគង្គ មានកម្ពុជា វៀតណាម និងមីយ៉ានម៉ា ដែលចូលរួមពិភាក្សាការងារគ្រប់គ្រងទឹក និងទឹកជំនន់ក្នុងតំបន់ដីសណ្តមេគង្គ រវាងកម្ពុជា វៀតណាម និងដីសណ្តអេរ៉ាវ៉ាឌីមីយ៉ា មីយ៉ានម៉ា និងបានជួបពិភាក្សាតាមប្រទេសដោយឡែកពីគ្នាជាមួយមន្រ្តីវិទ្យាស្ថានវិស្វកម្ម និងអភិវឌ្ឍន៍បច្ចេកទេសកូរ៉េ អំពីឯកសារសិក្សាសំណើគម្រោង អភិវឌ្ឍន៍ដីសណ្តជាគំនិតផ្តួចផ្តើមដំបូង តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា វៀតណាម និងនាយកដ្ឋានគ្រប់គ្រងធនធានទឹកមីយ៉ានម៉ា។ ប្រតិភូ កម្ពុជា វៀតណាម និងមីយ៉ានម៉ា បានបំពេញទស្សនៈកិច្ចស្វែងយល់លើតំបន់អាងទន្លេហាន និងប្រព័ន្ធគ្រប់គ្រង ការព្យាករណ៍ទឹកជំនន់ ក្នុងមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់នៃទន្លេហាន ក្រុងសេអ៊ូល៕