Developed by Khmer Focus

កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៥ (ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨)

វៀតណាម៖ ឯកឧត្តម លឹម គានហោ រដ្ឋ​មន្រ្តី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា គណៈកម្មការទន្លេមេគង្គ MRC បានដឹកនាំ​គណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី​២៥ និង​កិច្ចប្រជុំ​ពិគ្រោះយោបល់​លើកទី​២៣ ជាមួយ​ក្រុមប្រទេស​ដៃគូអភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌ MRC។

តាមរយៈ​សុន្ទរកថា​ថ្លែង​ក្នុងកិច្ចប្រជុំដោយប្រធានគណៈប្រតិភូនៃប្រទេសជាសមាជិក និងការពិភាក្សាក្នុងកិច្ចប្រជុំប្រទេសជាសមាជិក បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល MRC សម្រេចបានក្នុងឆ្នាំ ២០១៨ និងការលើកកម្ពស់ខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការតំបន់ ក៏ដូចជាភាពជាដៃគូជាមួយភាគីពាក់ព័ន្ធ ដែលបានជម្រុញ លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ។ នៅក្នុងនោះផងដែរ ប្រទេសជាសមាជិក ក៏បានទទួលស្គាល់នូវបញ្ហាប្រឈមក្នុងក្របខ័ណ្ឌស្ថាប័ន និងក្នុងអាងទន្លេមេគង្គ មានជាអាទិ៍ កិច្ចសហប្រតិបត្តិការក្នុងចំណោមយន្តការក្នុងតំបន់ដែលមានស្រាប់ និងទើបបង្កើតថ្មី កំណើនប្រជាជន កំណើននៃការអភិវឌ្ឍ និងតម្រូវការទឹកសម្រាប់ទ្រទ្រង់ និងជម្រុញការរីកលូតលាស់សេដ្ឋកិច្ច សង្គម បម្រែបម្រួលអាកាសធាតុ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួតជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ ប្រទេសជាសមាជិក បានសំដែងនូវអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ ដែលបានគាំទ្រ MRC ក្នុងការអនុវត្តការងាររបស់ខ្លួន រហូតមកដល់ពេលនេះ និងជាបន្តក្នុងពេលអនាគត។ ប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍ បានបង្ហាញនូវការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ឱ្យបានកាន់តែរឹងមាំ និងប្រសើរថែមទៀត ដើម្បីរួមគ្នាលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ MRC និងដោះស្រាយនូវបញ្ហាប្រឈមនានា ឱ្យបានកាន់តែប្រសើរ សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ MRC គឺ “ភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ច យុត្តិធម៌សង្គម និងនិរន្តរភាពបរិស្ថានក្នុងអាងទន្លេមេគង្គ”។

សូមជម្រាបបញ្ជាក់ថា កម្ពុជា នឹងទទួលវេនបន្តពីវៀតណាម ធ្វើជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ ២០១៩ និងត្រូវទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី ២៦ និងកិច្ចប្រជុំពិគ្រោះយោបល់លើកទី ២៤ ជាមួយក្រុមប្រទេសដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC៕