Developed by Khmer Focus

បេសកកម្មរបស់ធនាគារពិភពលោក បានជួបប្រជុំ និងចុះបំពេញទស្សនកិច្ចការងារ ទៅកាន់ខេត្តគោលដៅចំនួន ៤ (ថ្ងៃទី ០៣-០៧ ខែធ្នូ ឆ្នាំ២០១៨)

ក្រុម​ការងារ​សមាសភាគ​ទី២ នៃ​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់កាល​ទី៣ និង​ក្រុម​ការងារ​បេសកកម្ម របស់​ធនាគារ​ពិភពលោក ដឹក​នាំ​ដោយ​អ្នកស្រី Daryl Fields  ប្រធាន​ក្រុម បាន​ជួប​ប្រជុំ និង​ចុះ​បំពេញ​ទស្សនកិច្ច​ការងារ ទៅកាន់ខេត្តគោលដៅចំនួន ៤ របស់គម្រោង នៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគីរី ស្ថិតនៅភូមិភាគឦសានកម្ពុជា។ បេសកកម្មនេះ បានដឹកនាំដោយឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគ្រប់គ្រងគម្រោង អមដំណើរដោយជំនាញការជាតិ និងសមាជិកក្រុមការងារ នៅមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគីរី។

បេសកកម្មសម្រេចបានលទ្ធផល៖

- ពិនិត្យឡើងវិញនូវស្ថានភាពរីកចំរើននៃការអនុវត្តគម្រោង ស្វែងយល់បញ្ហាប្រឈម ជុំវិញការ លើកផែនការសកម្មភាពជំហ៊ានបន្ទាប់ ជាពិសេសពាក់ព័ន្ធលើដំណើរការជ្រើសរើសក្រុមប្រឹក្សា បច្ចេកទេស សម្រាប់ការងារគ្រប់គ្រងធនធានទឹក រួមទាំងផ្នែកគ្រប់គ្រងគម្រោង គ្រប់គ្រងហិរញ្ញវត្ថុ និងការងារលទ្ធកម្ម

- ចុះសិក្សា និងវាយតម្លៃកិច្ចការងារ នៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគីរី ដោយបានពិនិត្យឡើងវិញ និងពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តគម្រោង គ្រប់ផ្នែកទាំងអស់ រួមមានផ្នែកគ្រប់គ្រងគម្រោង គ្រប់គ្រងហិរញ្ញវត្ថុ លទ្ធកម្ម ការពារសុវត្ថិភាព ការសាងសង់សំណង់ស៊ីវិល និងការចុះពិនិត្យការដ្ឋានសំណង់អាគារជាក់ស្តែង។ នៅខេត្តស្ទឹងត្រែង ក្រុមការងារបានចុះសិក្សាស្វែងយល់ពីទំនប់វារីអគ្គិសនី សេសានក្រោម២

- ពិភាក្សាពីដំណើរការសម្រាប់ការត្រួតពិនិត្យ និងវាយតម្លៃពាក់កណ្តាលអាណត្តិរបស់គម្រោង នៅដើមខែមេសា ឆ្នាំ២០១៩៕