Developed by Khmer Focus

វេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី២ ស្តីពីការចែករំលែកព័ត៌មានអំពីលទ្ធផលវាយតម្លៃបច្ចេកទេស (ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩)

លួងប្រាបាង្គ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា មកពី​ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជំនាញការជាតិ ចូលរូមវេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី២ ស្តីពី ការចែករំលែកព័ត៌មានអំពីលទ្ធផលវាយតម្លៃបច្ចេកទេស លើសំណើគម្រោងវារីអគ្គិសនី ប៉ាក់ឡាយ របស់ឡាវ ដោយមានការចូលរួមពីមន្រ្តីតំណាងនៃប្រទេសជាសមាជិក អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ វិទ្យាស្ថានសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង បណ្តាញផ្សព្វផ្សាយ និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃវេទិកាគឺដើម្បី (១). ផ្សព្វផ្សាយព័ត៌មានដល់អ្នកពាក់ព័ន្ធស្តីពី ដំណើរការ និងលទ្ធផលនៃកិច្ចពិគ្រោះយោបល់ជាមុន និង (២). ពិនិត្យពិភាក្សា និងផ្តល់យោបល់ អនុសាសន៍ សម្រាប់ដោះស្រាយកង្វល់ ក្តីបារម្ភ និងកែលម្អបាយការណ៍គម្រោង និងដើម្បីឈានដល់ការឯកភាពគ្នាក្នុងចំណោមប្រទេសជាសមាជិក សម្រាប់ដំណើរការបន្តនៃសំណើគម្រោង។

គម្រោងវារីអគ្គិសនី ប៉ាក់ឡាយ នេះ គឺស្ថិតនៅភាគខាងលើទីក្រុងវៀងច័ន្ទ ប្រមាណ ២៤២គម និងស្ថិតនៅភាគខាងក្រោមទំនប់ទំនប់វារីអគ្គិសនី សាយ៉ាបូរី ប្រមាណ ១៣០គម និងមានចម្ងាយប្រមាណ ១១៣០គម ពីព្រំដែនកម្ពុជា-ឡាវ មានអនុភាព ៧៧០មេហ្គាវ៉ាត់ ជាគម្រោងទី៤ របស់ឡាវ នៅលើទន្លេមេ នៃទន្លេមេគង្គ ដែលបានដាក់ឆ្លងការពិគ្រោះយោបល់ជាមុន បន្ទាប់ពីគម្រោងវារីអគ្គិសនី សាយ៉ាប៉ូរី ដនសាហុង និងប៉ាក់បេង។

គម្រោងវារីអគ្គិសនី ប៉ាក់ឡាយ អាចបង្កឱ្យមានបម្រែបម្រួលស្ថានភាពអាងទន្លេមេគង្គ ដែលនឹងមានផលប៉ះពាល់ឆ្លងដែនលើផ្នែកបរិស្ថាន គុណភាពទឹក ការនាំដីល្បាប់ ជលផល និងជីវៈចម្រុះ និងការចិញ្ចឹមជីវិត របស់ប្រជាជនដែលពឹងអាស្រ័យលើធនធានធម្មជាតិ នៃទន្លេមេគង្គ ព្រមទាំងបង្រួមសក្តានុពលនៃការអភិវឌ្ឍវិស័យពាក់ព័ន្ធរបស់ប្រទេសកម្ពុជា។

កម្ពុជា បានស្នើឱ្យមានការសិក្សាស៊ីជម្រៅ ជាពិសេសអំពីផលប៉ះពាល់បរិស្ថាន និងសង្គមឆ្លងដែន ដែលបង្កឡើងដោយគម្រោងវារីអគ្គិសនី ប៉ាក់ឡាយ និងវិធានការដោះស្រាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ឆ្លងដែនទាំងនោះ៕