កិច្ចប្រជុំអ្នកជំនាញទិន្នន័យមេគង្គ (ថ្ងៃទី ០៣-០៤ ខែមេសា ឆ្នាំ២០១៩)
វ៉ាស៊ីនតោន៖ លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំអ្នកជំនាញទិន្នន័យមេគង្គ (Mekong Water Data Expert) នៅសហរដ្ឋអាមេរិក ដែលរៀបចំដោយអង្គការ LMI អាមេរិក និងអង្គការ Pact។ កិច្ចប្រជុំបានសម្របសម្រួលដោយលោក Aaron Salzberg មកពី U.S. Department of State និងដោយមានការចូលរួមពីអ្នកជំនាញ មន្ត្រីតំណាងពីប្រទេសទាំង៥ តាមដងទន្លេមេគង្គ ស្ថាប័នសិក្សាស្រាវជ្រាវអាស៊ី និងអាមេរិក អង្គការអភិរក្សបរិស្ថានអន្តរជាតិ និងក្រុមការងារ LMI អាមេរិក សរុបជាង ៥០រូប។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាលើបញ្ហាប្រឈមក្នុងការទទួលបានទិន្នន័យទឹក ចែករំលែកដំណោះស្រាយ កំណត់រនាំងគោលនយោបាយ និងរៀបចំផែនការសម្រាប់កំណត់វិសាលភាព។
លទ្ធផលនៃកិច្ចប្រជុំ មានដូចខាងក្រោម៖
- តំណាងប្រទេសជាសមាជិកមេគង្គ និងលេខាធិការដ្ឋាន MRC បានបញ្ជាក់អំពីប្រភេទទិន្នន័យ និងសារៈសំខាន់នៃការប្រើជាមួយការងារ គម្រោង បានចែករំលែកបទពិសោធន៍ជុំវិញបញ្ហាទិន្នន័យ និងតម្រូវការបំពេញបន្ថែមក្នុងការពង្រឹងសមត្ថភាពស្ថាប័ន ប្រព័ន្ធ យន្តការដែលមានស្រាប់ របស់គណៈកម្មការទន្លេមេគង្គ
- ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអភិរក្ស និងក្រុមហ៊ុនខាងលើ បានបង្ហាញអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ ឧបករណ៍ប្រើប្រាស់សម្រាប់ការវិភាគវាយតម្លៃ និងចង់ដឹងអំពីទស្សនៈរបស់ប្រទេស ក្នុងការចែករំលែកទិន្នន័យដែលមានគុណភាព
- អង្គប្រជុំបានផ្តល់អនុសាសន៍លើការទទួលបានទិន្នន័យមេគង្គ ដំណោះស្រាយលើបញ្ហាប្រឈម បង្ហាញពីលទ្ធផលនៃកិច្ចពិភាក្សាតាមក្រុម និងផែនការបន្ត៕