ពិធីបើកព្រឹត្តិការណ៍ដំណើរផ្សងព្រេងរបស់មេគង្គយុវទូតស្តីពី អច្ឆរិយភាពនៃទន្លេមេគង្គ (ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩)
ភ្នំពេញ៖ ឯកឧត្តម ប៉ុញសច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងសហការី បានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ដំណើរផ្សងព្រេង របស់មេគង្គយុវទូតស្តីពី អច្ឆរិយភាពនៃទន្លេមេគង្គ ដែលសហការរៀបចំដោយ ក្រុមអេកូយុវទូត (Young Eco Ambassador) ជាមួយទីភ្នាក់ងារជំនួយពលរដ្ឋអាមេរិក (USAID) នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។
អ្នកចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍នេះ មានចំនួន ៧០០នាក់ ដែលមកពីបណ្តាស្ថាប័នផ្សេងៗ ដូចជាក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ក្រុមហ៊ុនឯកជន និងសិស្សានុសិស្សពីគ្រឹះស្ថានសិក្សាទូទាំងរាជធានីភ្នំពេញ។
កម្មវិធីនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងពីគុណតម្លៃ និងអច្ឆរិយភាពនៃទន្លេមេគង្គ ទៅកាន់សាធារណៈជន ពិសេសយុវជន ដោយមានការតាំងពិព័រណ៍បង្ហាញពីការងារអភិរក្សរបស់ស្ថាប័នពាក់ព័ន្ធ និងស្នាដៃបង្កើតថ្មីរបស់ក្រុមអេកូយុវទូត ដែលជាមធ្យោបាយសម្រាប់ផ្សព្វផ្សាយអំពីទន្លេមេគង្គឱ្យបានកាន់តែទូលំទូលាយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕