Developed by Khmer Focus

សិក្ខាសាលាក្នុងការចាប់ផ្តើមអនុវត្តន៍គម្រោង (ថ្ងៃទី ២១-២២ ខែមិថុនា ឆ្នាំ២០១៩)

សៀមរាប៖ លោក គឹម សីហា អនុប្រធាន​នាយកដ្ឋាន និងលោក ទុន ច័ន្ទជីវ័ន មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានផែនការ និងសហប្រតិបត្តិការ​អន្តរ​ជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលា​ក្នុងការចាប់ផ្តើមអនុវត្តន៍គម្រោង ដែលរៀបចំដោយវិទ្យាស្ថាន CDRI ស្តីពី “ការទូត​ក្នុងការគ្រប់គ្រងទឹកនៅអាងទន្លេមេគង្គ ដើម្បីឱ្យមានការប្រើប្រាស់ទន្លេជារួម និងសម្រេចបានភាពរុងរឿង” ដោយមានការចូលរួមពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សកលវិទ្យាល័យពីប្រទេសចិន និងវៀតណាម តំណាងស្ថានទូតចិន ប្រទេសឡាវ ថៃ និងវៀតណាម។

គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីផ្សព្វផ្សាយការចាប់ផ្តើមអនុវត្តន៍គម្រោងស្រាវជ្រាវ និងពិភាក្សាលម្អិតអំពី កិច្ចសហការស្រាវជ្រាវ ជាមួយដៃគូសំខាន់ៗនៃទន្លេមេគង្គ រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ គម្រោងនេះ ត្រូវបានផ្តល់មូលនិធិដោយ មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង នឹងដំណើរការរយៈពេលពីរឆ្នាំ។

លទ្ធផលសិក្ខាសាលា៖

- អង្គសិក្ខាសាលាបានជ្រាបពីប្រវត្តិ និងអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង

- អង្គសិក្ខាសាលាបានស្តាប់នូវបទបង្ហាញពីគម្រោងស្រាវជ្រាវ (១) ការទូតក្នុងការគ្រប់គ្រងទឹក និង (២)​នវានុវត្តន៍ផ្នែកឧត្តមសិក្សា (Higher Education Innovation)

- អង្គសិក្ខាសាលាបានពិភាក្សាលើប្រធានបទ “ការស្រាវជ្រាវ និងការចូលរួមនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡាងឆាង ដើម្បីអត្ថប្រយោជន៍រួម”

- កម្ពុជា ឡាវ ថៃ និងវៀតណាម បានធ្វើបទបង្ហាញចែករំលែកពីស្ថានភាពនៃការគ្រប់គ្រងធនធានទឹកក្នុងប្រទេសរបស់ខ្លួន៕