Developed by Khmer Focus

សិក្ខាសាលាស្តីពី ការបង្កើតប្រព័ន្ធទ្រទ្រង់ការសម្រេចចិត្ត (ថ្ងៃទី ២៥-២៦ ខែមិថុនា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ជា​ប្រធាន​គ្រប់គ្រងសមាសភាគ​ទី២ នៃ​គម្រោង គ្រប់គ្រង​ធនធានទឹក​ចម្រុះ​មេគង្គ តំណាក់​កាល​ទី៣ បាន​ចូលរួម និងដឹកនាំ​សិក្ខាសាលាស្តីពី ការបង្កើតប្រព័ន្ធទ្រទ្រង់ការសម្រេចចិត្ត (Decision Support System) ការកំណត់ភាគីអ្នកពាក់ព័ន្ធ និងការណែនាំលើការធ្វើផែនការអភិវឌ្ឍន៍ និងអភិបាលកិច្ចអាងទន្លេ ដោយមានការសម្របសម្រួលផ្នែកបច្ចេកទេសដោយ ជំនាញការរបស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DHI និងមានសមាសភាពចូលរួមជាមន្រ្តីសមាជិក នៃក្រុមការងារបច្ចេកទេសទាំងពីរ របស់ សមាសភាគទី២ មកពីអគ្គលេខាធិការដ្ឋាន គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយម នៃខេត្តគោលដៅ (ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ទលគីរី។

សិក្ខាសាលានេះបានប្រព្រឹត្តទៅ និងទទួលលទ្ធផលសម្រេចមួយចំនួនដូចខាងក្រោម៖

១. បានយល់ច្បាស់អំពីខ្លឹមសារ សារៈប្រយោជន៍ DSS និងការរៀបចំប្រព័ន្ធទ្រទ្រង់ការសម្រេចចិត្ត (DSS) និងទទួលបាននូវធាតុចូលនានា សម្រាប់បង្កើតប្រព័ន្ធទ្រទ្រង់ការសម្រេចចិត្តនេះ តាមតម្រូវការ និងភាពប្រឈមនានាដែលត្រូវដោះស្រាយ

២. បានយល់ច្បាស់ពីដំណើរការ វិធីសាស្រ្តគោល និងបណ្តាគន្លឹះជោគជ័យ នៃការធ្វើផែនការអភិវឌ្ឍន៍អាងទន្លេ ការចូលរួមរបស់គាគីអ្នកពាក់ព័ន្ធ ការវិភាគ និងកំណត់បណ្តាភាគីអ្នកពាក់ព័ន្ធ នៅក្នុងអាងទន្លេសេកុង សេសាន និងស្រែពក (3S) និងអាងព្រែកទាំង៤ (4P) ទាំងក្រុមអ្នកចូលរួម ទទួលផល អ្នកគាំទ្រ និងធ្វើសេចក្តីសម្រេចចិត្ត

៣. បានយល់ច្បាស់អំពីអភិបាលកិច្ចអាងទន្លេ រួមមានទាំងអភិក្រម បែបបទ បណ្តាគន្លឹះជោគជ័យ និងការអនុវត្តក្នុងកម្រិតអាងទន្លេឆ្លងដែន៕