កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព យុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនី (ថ្ងៃទី ២៧-២៨ ខែមិថុនា ឆ្នាំ២០១៩)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់ជាតិ ការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព យុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនី ប្រកបដោយនិរន្តរភាព (SHDS) ដោយមានអ្នកចូលរួមមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គិសនីកម្ពុជា អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងអ្នកជំនាញការ ថ្នាក់ជាតិ-អន្តរជាតិ។
គោលបំណងនៃកិច្ចប្រជុំគឺ ពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រ រួមមាន គោលបំណង សកម្មភាព យុទ្ធសាស្ត្រអាទិភាព និងសូចនាករ និងពេលវេលាដែលនឹងសម្រេចបាន។
ជាលទ្ធផល អង្គប្រជុំបានឯកភាពឱ្យ MRCS ធ្វើការកែសម្រួលការសិក្សា និងកែសម្រួលសេចក្តីព្រាងយុទ្ធសាស្ត្រដែលអាចគ្រាំទ្រការអភិវឌ្ឍវារីអគ្គិសនី របស់ប្រទេសសមាជិក និងសម្របសម្រួលលើការអនុវត្ត PNPCA-PDG និងរកដំណោះស្រាយតាមរយៈការបន្តការសិក្សា និងធ្វើបច្ចុប្បន្នភាពទិន្នន័យព័ត៌មាន និងការតាមដានបរិស្ថានរួម ធ្វើការបណ្តុះបណ្តាលការយល់ដឹងបន្ថែមលើ EIA គោលការណ៍ណែនាំបច្ចេកទេសពាក់ព័ន្ធការសាងសង់វារីអគ្គិសនី និងគិតគូរដល់ភាពអាសន្នដូចជា គ្រោះទឹកជំនន់កើតភ្លាមៗ៕