Developed by Khmer Focus

កិច្ចប្រជុំថ្នាក់ជាតិដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារ យុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេមេគង្គ (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០)

ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់ជាតិ​ដើម្បីពិនិត្យ ពិភាក្សា និង​ផ្តល់យោបល់លើសេចក្តីព្រាង ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍អាងទន្លេមេគង្គ BDS ២០២១-​២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ ២០២១-​២០២៥ របស់​គណៈកម្មការទន្លេមេគង្គ​ និង​ការ​រៀបចំ​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​២០២១-​២០២៥ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា​ ដឹកនាំដោយ​ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួង​ធនធានទឹក​ និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ​ និងថាមពល​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាជ្ញាធរទន្លេសាប និងមន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំ​នេះ បានប្រព្រឹត្តទៅដោយ (១) បានជម្រាបជូនដោយឡែក អំពីគ្រោងប្លង់ និងផែនទីបង្ហាញផ្លូវការងារ សម្រាប់ការកសាងផែនការយុទ្ធសាស្ត្រ២០២១-២០២៥ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (២) បានពិនិត្យទូទៅលើគ្រោងប្លង់ និងផ្នែកខ្លឹមសារសង្ខេបនៃជំពូកសំខាន់ៗ របស់យុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេ និងផែនការយុទ្ធសាស្ត្រគណៈកម្មការទន្លេមេគង្គ​​ និង (៣) បានពិនិត្យ និងឯកភាពលើការកំណត់យុទ្ធសាស្ត្រជាអាទិភាព​ក្នុងលទ្ធផលរួម និងធាតុចូល នៃ​ BDS និងលទ្ធផល សកម្មភាព​ និងសូចនាករ នៃ​ផែនការយុទ្ធសាស្ត្រ ​SP ដោយប្រមូលនូវមតិយោបល់ទាំងអស់ សម្រាប់កិច្ចប្រជុំនាពេលនេះ ជាពិសេសចំណុចទី 2 & 3 នឹងដាក់ជូនសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិម្តងទៀត និងថ្នាក់តំបន់ នាពេលខាងមុខ៕