Developed by Khmer Focus

សន្និសីទសារព័ត៌មានក្រោមប្រធានបទ ស្ថានភាពរបបជលសាស្ត្រក្នុងអាងទន្លេមេគង្គ និងទន្លេសាប នាពេលបច្ចុប្បន្ន (ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងសន្និសីទ​សារព័ត៌មាន​ក្រោមប្រធានបទ “ស្ថានភាពរបប​ជលសាស្ត្រក្នុងអាងទន្លេមេគង្គ និងទន្លេសាប នា​ពេលបច្ចុប្បន្ន” នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងសន្និសីទ ឯកឧត្តមបានបំភ្លឺទៅនឹងសំណួរ​ជាច្រើនរបស់អ្នកសារព័ត៌មាន លើទិដ្ឋភាពបច្ចេកទេស ក្នុងនោះ ផលប៉ះពាល់ពីការអភិវឌ្ឍទំនប់តាមដងទន្លេមេគង្គ បញ្ហាប្រឈម និងវិធានការដែលគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាននិងកំពុងដោះស្រាយ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការការងារមេគង្គ និងផលប្រយោជន៍ដែលកម្ពុជាទទួលបានពីទន្លេមេគង្គ សម្រាប់វិស័យពាក់ព័ន្ធ និងប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ដើម្បីឱ្យសាធារណជនបានយល់ដឹងពីស្ថានភាពជលសាស្ត្រក្នុងអាងទន្លេមេគង្គភាគខាងក្រោម និងទន្លេសាប និងបញ្ជាក់ត្រួសៗអំពីទិសដៅការងារយុទ្ធសាស្ត្ររបស់គណៈកម្មការទន្លេមេគង្គ ដែលមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ជាសមាជិកមេគង្គ ហើយប្រទេសចិន និង​មីយ៉ាន់ម៉ា ជាដៃគូសន្ទនា។ ចំពោះស្ថានភាពបឹងទន្លេសាប ត្រូវបានបញ្ជាក់លំអិតបន្ថែមដោយ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប។

ចំពោះទិដ្ឋភាពបម្រែបម្រួលអាកាសធាតុ និងសំណួរ​​ពាក់ព័ន្ធ​ការរំដោះទឹកជំនន់ពីទន្លេមេគង្គចេញពីរាជធានីភ្នំពេញ ត្រូវបានបំភ្លឺ ដោយឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម។ រីឯសំណួរលើទិដ្ឋភាពនយោបាយស្តីពី ជំហររបស់កម្ពុជាចំពោះជម្លោះទឹកទន្លេមេគង្គដែលអាចកើតមានរវាងប្រទេសមហាអំណាច អាមេរិក និងចិន ត្រូវបានបំភ្លឺដោយឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី។

ជារួម សន្និសីទបានផ្តោតជាសំខាន់លើភាពរាំងស្ងួតទឹកទន្លេមេគង្គ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយភាពរាំងស្ងួតត្រូវបានបញ្ជាក់ថា មូលហេតុចម្បងគឺ បណ្តាលមកពីកត្តាអាកាសធាតុ (ខ្សត់ភ្លៀង និងឡើងកំដៅខ្ពស់ខុសពីប្រក្រតី)៕

សូមទស្សនាវីដេអូ