Developed by Khmer Focus

កិច្ចប្រជុំលើកទី៥០ របស់គណៈកម្មាធិការរួម MRC (ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជា​សមាជិកគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ បានដឹកនាំមន្ត្រីកម្ពុជា មានមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីសម្របសម្រួលការងារមេគង្គ ចូលរួមក្នុងកិច្ចប្រជុំលើកទី៥០ របស់គណៈកម្មាធិការរួម MRC តាមប្រព័ន្ធវីដេអូ ដែលដឹកនំាកិច្ចប្រជុំនេះ ដោយលោកបណ្ឌិត Somkiat Prachamvong អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គថៃ និងជាប្រធានគណៈកម្មាធិការរួម MRC ប្រចាំឆ្នំា២០២០ និងមានការចូលរួមពីប្រតិភូគណៈកម្មាធិការរួម នៃប្រទេសជាសមាជិក ព្រមទាំងមន្ត្រីក្រុមការងារលេខាធិការដ្ឋាន MRC។

កិច្ចប្រជុំគណៈកម្មាធិការរួម MRC លើកទី៥០ នេះ បានដំណើរការពិភាក្សាតាមរបៀបវារ:សំខាន់ៗ ដែលបានកំណត់ និងលទ្ធផលមានដូចខាងក្រោម៖

(១). អង្គប្រជុំបានជ្រាប និងកត់ត្រាលើរបាយការណ៍ពាក់ព័ន្ធសំណើកែសម្រួល រចនាសម្ព័ន្ធ លេខាធិការដ្ឋាន MRC បញ្ហាគ្រប់គ្រងបុគ្គលិក និងការអនុវត្តគោលកាណ៍ណែនាំបទបញ្ជាផ្ទៃក្នុងរបស់លេខាធិការដ្ឋាន MRC របាយការណ៍ស្ថានភាពអនុវត្តន៍ហិរញ្ញវត្ថុ ៨ខែ (មករា-សីហា) ក្នុងឆ្នាំ២០២០ របស់ MRC និងវឌ្ឍនភាពការងារកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងដៃគូពាក់ព័ន្ធដទៃទៀត

(២). អង្គប្រជុំបានពិភាក្សា និងកត់ត្រាផងដែរ លើរបាយការណ៍សកម្មភាពការងារសំខាន់ៗ ដែលបានអនុវត្តន៍ក្នុងឆ្នាំ២០២០ រួមមាន៖ វឌ្ឍនភាពនៃការអនុវត្តការងារត្រួតពិនិត្យតាមដានបរិស្ថានរួមគ្នា (JEM- Joint Environmental Monitoring) វឌ្ឍនភាពនៃដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់គម្រោងទំនប់វារីអគ្គិសនី Sanakham HPP ការបញ្ចប់សាងសង់ និងដាក់ឱ្យដំណើរគម្រោងវារីអគ្គិសនី  Xayaburi Don Sahong របស់ឡាវ និងរបាយការណ៍ប្រែប្រួលរបបជលសាស្ត្រនៅក្នុងទន្លេមេគង្គខាងក្រោម ពីខែមេសា-សីហា ឆ្នាំ២០២០

(៣). អង្គប្រជុំបានពិភាក្សា ផ្តល់យោបល់ណែនាំ លើសំណើគម្រោងចំនួន ០១ ស្តីពី ការសិក្សារួមលើទម្រង់ផ្លាស់ប្តូរលក្ខណ្ឌជលសាស្ត្រ និងយុទ្ធសាស្ត្របន្សុំា នៃអាងទន្លេមេគង្គ-ឡានឆាង និងបានសម្រេចអនុម័ត និងឯកភាពលើគម្រោងសកម្មភាពចំនួន ០៣ គឺ យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងគ្រប់គ្រងជលផលក្នុងអាងមេគង្គ (BFMS) យុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថានក្នុងអាង (SBEM) និងផែនការសកម្មភាពរៀបចំប្រមូលទិន្នន័យ (DAGAP) ដើម្បីអនុវត្តន៍ក្របខណ្ឌសូចនាករ របស់គណៈកម្មការទន្លេមេគង្គ ដែលបានស្នើដោយ  អង្គភាពជំនាញចំនួន ០២ គឺ Technical Division និង Environmental Management Division នៃលេខាធិការដ្ឋាន MRC និង

(៤). អង្គប្រជុំបានពិភាក្សា កត់ត្រាពីវឌ្ឍនភាព និងផ្តល់ការណែនាំឱ្យលេខាធិការដ្ឋាន MRC រៀបចំធ្វើបច្ចុប្បន្នភាពការងារស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើវេទិការចែករម្លែកព័ត៌មាន ដើម្បីដាក់ពិភាក្សាបន្តនៅចុងឆ្នាំ២០២០នេះ៕