កិច្ចប្រជុំថ្នាក់តំបន់ ដើម្បីបញ្ចប់របាយការណ៍ស្តីពី ការតាមដានផលប៉ះពាល់សង្គម និងការវាយតម្លៃភាពងាយរងគ្រោះ (ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០)
ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំមន្រ្តីមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ តាមប្រព័ន្ធវីដេអូ ដើម្បីបញ្ចប់របាយការណ៍ស្តីពី ការតាមដានផលប៉ះពាល់សង្គម និងការវាយតម្លៃភាពងាយរងគ្រោះ (SIMVA 2018)។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១). បង្ហាញពីរបកគំហើញសំខាន់ៗនៅថ្នាក់តំបន់ ពីការអង្កេត SIMVA ២០១៨-២០១៩ (២). ស្វែងរកធាតុចូលចុងក្រោយ ពីក្រសួង ស្ថាប័នពាក់ព័ន្ធ លើលទ្ធផលនៃការអង្កេត និង (៣). ពិភាក្សាពីផលប៉ះពាល់គោលនយោបាយសំខាន់ៗ និងបទពិសោធន៍ដែលទទួលបានពីការធ្វើអង្កេត។
ជាលទ្ធផលកិច្ចប្រជុំស្នើឱ្យជំនាញការថ្នាក់តំបន់ ពិនិត្យតួលេខឡើងវិញ ដោយត្រូវធ្វើការផ្ទៀងផ្ទាត់ជាមួយជំនាញការថ្នាក់ជាតិ ព្រោះរបាយការណ៍ថ្នាក់តំបន់មានតួលេខខ្លះមិនស៊ីគ្នានឹងរបាយការណ៍ថ្នាក់ជាតិ។
មានចំណុចសំខាន់ៗមួយចំនួនដែលបានលើកឡើងដោយជំនាញការអន្តរជាតិ មិនបានដាក់ក្នុង Recommendation នៃរបាយការណ៍ថ្នាក់តំបន់ ដូច្នេះអង្គប្រជុំស្នើដាក់បញ្ចូល៕