Developed by Khmer Focus

កិច្ចប្រជុំលើកទី២៤ ជាមួយប្រទេសដៃគូសន្ទនា MRC (ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជា​សមាជិកគណៈកម្មាធិការរួម គណៈកម្មការទន្លេ​មេគង្គ សម្រាប់កម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ដែលមានសមាសភាពមកពី ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទីប្រឹក្សា និងក្រុម​មន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំលើកទី២៤ ជាមួយប្រទេសដៃគូសន្ទនា MRC (ចិន និងមីយ៉ាន់ម៉ា) តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីប្រតិភូ គណៈកម្មាធិការរួម នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ (ឡាវ ថៃ និងវៀតណាម) និងប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន MRC។

ជាលទ្ធផល កិច្ចប្រជុំបានជម្រាបជូន និងពិភាក្សា (១) ព័ត៌មានអំពីស្ថានភាពជលសាស្ត្រក្នុងអាងទន្លេមេគង្គក្រោម បច្ចុប្បន្នភាពព័ត៌មានស្តីពី ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកក្នុងអាងទន្លេភាគខាងលើ ក្នុងប្រទេសចិន និងមីយ៉ាន់ម៉ា (២) វឌ្ឍនភាពនៃការអនុវត្តអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការ រវាងមជ្ឈមណ្ឌលទឹកទន្លេមេគង្គ-ឡានឆាង នៃប្រទេសចិន ជាមួយលេខាធិការដ្ឋាន MRC និងវឌ្ឍនភាពនៃសំណើសិក្សារួមគ្នាលើការប្រែប្រួលរបបជលសាស្ត្រ និងយុទ្ធសាស្ត្រនៃការបន្សុំារបស់អាងទន្លេមេគង្គ- ឡានឆាង រួមទាំងសំណើបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិក MRC និងប្រទេសដៃគូសន្ទនា។

កិច្ចប្រជុំក៏បានចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិការទាំងក្នុងពេលបច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត រវាង MRC ជាមួយប្រទេសចិនផងដែរ។ នៅក្នុងឱកាសនៃកិច្ចប្រជុំលើកទី២៤ ជាមួយប្រទេសដៃគូសន្ទនា ចិន និងមីយ៉ាន់ម៉ា មានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយ MRC ស្តីពី ការផ្តល់ទិន្នន័យ ព័ត៌មានជលសាស្ត្រពេញមួយឆ្នាំ នៃទន្លេឡានឆាង (ទន្លេមេគង្គភាគខាងលើ) ដែលជាការរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងដល់ការពិនិត្យតាមដានទន្លេ ការព្យាករទឹកជំនន់ និងរាំងស្ងួតក្នុងប្រទេសតាមដងទន្លេមេគង្គ៕