កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ ស្តីពី សំណើគម្រោងវារីអគ្គិសនី សាណាខាំ (ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ ស្ដីពី សំណើគម្រោងវារីអគ្គិសនី សាណាខាំ (SNHPP) របស់ឡាវ ដោយមានការចូលរួមពីមន្ត្រីតំណាក្រសួងពាក់ព័ន្ធសំខាន់ៗ (ថ្នាក់បច្ចេកទេស និងគ្រប់គ្រង) តំណាងមន្ទីរពាក់ព័ន្ធសំខាន់ៗ នៃបណ្តាខេត្តពាក់ព័ន្ធ តំណាងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធសំខាន់ៗ តំណាងគ្រឹះស្ថានឧត្តមសិក្សាពាក់ព័ន្ធសំខាន់ៗ តំណាងសហគមន៍មូលដ្ឋានពាក់ព័ន្ធសំខាន់ៗ មន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងតំណាងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ (MRCS)។
គោលបំណងនៃកិច្ចប្រជុំគឺ៖
- លើកកម្ពស់ការយល់ដឹងអំពី កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ នីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង (PNPCA) ដំណើរការពិគ្រោះយោបល់ជាមុន (PC Process) និងវឌ្ឍនភាព និងស្ថានភាពបច្ចុប្បន្ន នៃដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់ SNHPP
- ផ្តល់ការយល់ដឹងអំពី ទិដ្ឋភាពទូទៅ នៃ SNHPP និង
- សិក្សា ពិនិត្យឡើងវិញលើសេចក្តីព្រាងទី១ នៃរបាយការណ៍សិក្សា ពិនិត្យបច្ចេកទេសឡើងវិញ លើសំណុំឯកសារ និងសំណើគម្រោង SNHPP (1st draft TRR) និងប្រមូលផ្តុំនូវមតិយោបល់ និងអនុសាសន៍នានា។
រីឯលទ្ធផលរំពឹងទុកសំខាន់នៃកិច្ចប្រជុំគឺ ការប្រមូលផ្តុំនូវមតិយោបល់ និងអនុសាសន៍ជំហានទី១ នៅថ្នាក់ជាតិ ដើម្បីជូនជ្រាបដល់ MRC ក៏ដូចជាប្រទេសម្ចាស់គម្រោង និងអ្នកវិនិយោគគម្រោង និងដើម្បីចូលរួមចំណែកដល់ការកែលម្អគុណភាពនៃ 1st draft TRR ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការចូលរួមចំណែកជាបន្តបន្ទាប់នៅក្នុងដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់ SNHPP៕