Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី កិច្ចសហប្រិបត្តិការសម្រាប់ការសម្របសម្រួល និងការគ្រប់គ្រងប្រតិបត្តិការ នៃគម្រោងវារីអគ្គិសនី (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជា​ប្រធានក្រុមការងារ គណៈកម្មាធិការរួម គណៈ​កម្មការទន្លេមេគង្គ ទទួលខុសត្រូវលើការអនុវត្តនីតិ​វិធីស្ដីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង (PNPCA JCWG) របស់កម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា មាន​តំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គិសនីកម្ពុជា និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ តាមរយៈ VDO Conference ស្តីពី កិច្ចសហប្រិបត្តិការសម្រាប់ការសម្របសម្រួល និងការគ្រប់គ្រងប្រតិបត្តិការនៃគម្រោងវារីអគ្គិសនីបណ្តាក់គ្នា ក្នុងអាងទន្លេមេគង្គ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិ នៃ MRCS និងចូលរួមដោយក្រុមការងារបច្ចេកទេសពាក់ព័ន្ធពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីបច្ចេកទេសពាក់ព័ន្ធនៃ MRCS និងទីប្រឹក្សាបច្ចេកទេសអន្តរជាតិ។

កិច្ចប្រជុំមានគោលបំណង៖

១. បង្ហាញជូននូវសេចក្តីព្រាង នៃសំណើមាតិកាស្តីពី កាលានុវត្តភាពសម្រាប់ការរៀបចំដំណើរការ និងអភិបាលកិច្ច នៃប្រតិបត្តិការប្រកបដោយការសម្របសម្រួលលើបណ្តាទំនប់វារីអគ្គិសនីក្នុងអាងទន្លេមេគង្គ

២. បកស្រាយ និងពិភាក្សាលើក្របខ័ណ្ឌ និងតារាងដែលបានរៀបចំ ដើម្បីធ្វើការគិតគូរពិចារណាអំពីកាលានុត្តភាព សម្រាប់ប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទឹក

៣. គិតគូរពិចារណាលើតារាងដែលបានរៀបចំ និងអភិក្រមក្នុងការកំណត់អាទិភាព នៃការតាមដាននូវកាលានុវត្តភាពទាំងនោះ

៤. ពិភាក្សាលើដំណើរការថ្នាក់ជាតិដែលមានស្រាប់ និងកំពុងអភិវឌ្ឍន៍នានា សម្រាប់ការសម្របសម្រួល និងការគ្រប់គ្រងប្រតិបត្តិការ នៃទំនប់វារីអគ្គិសនីបណ្តាក់គ្នា ក៏ដូចជាបទពិសោធន៍ជាមេរៀននៅថ្នាក់ជាតិនានា ដើម្បីចែករំលែកនៅថ្នាក់តំបន់ និង

៥. បង្ហាញជូន និងពិភាក្សាលើសំណើកិច្ចការបន្ត សម្រាប់សកម្មភាពនេះ។

អង្គប្រជុំបានស្តាប់ និងពិភាក្សាលើរបៀបវារៈចំនួនបួនគឺ៖

(១) សេចក្តីព្រាងមាតិកាស្តីពី កាលានុវត្តភាពសម្រាប់ការរៀបចំដំណើរការ និងអភិបាលកិច្ច នៃប្រតិបត្តិការប្រកបដោយការសម្របសម្រួលលើបណ្តាទំនប់វារីអគ្គិសនីក្នុងអាងទន្លេមេគង្គ

(២) សេចក្តីព្រាងក្របខ័ណ្ឌ សម្រាប់ធ្វើការគិតគូរពិចារណាអំពីកាលានុវត្តភាពសម្រាប់ប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទឹក

(៣) សេចក្តីព្រាងតារាងកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការស្តីពី ប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធទឹក និងលក្ខណៈវិនិច្ឆ័យសម្រាប់ការកំណត់អាទិភាព និង

(៤) សំណើកិច្ចការដែលត្រូវអនុវត្តន៍បន្តលើសកម្មភាពនេះ៕