សិក្ខាសាលាសន្ទនាស្តីពី វិស័យទឹក (ថ្ងៃទី ២១-២២ ខែមករា ឆ្នាំ២០២១)
ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង និងលោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាសន្ទនាស្តីពី វិស័យទឹក តាមរយៈ VIDEO Conference ដែលបានសហការរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក ក្រោមអធិបតីភាព និងដឹកនាំសម្របសម្រួលដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចូលរួមដោយតំណាងក្រសួង ស្ថាប័ន រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវដ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អភិបាល នៃគណៈអភិបាល នៃបណ្តាខេត្តដែលបានកំណត់ (បាត់ដំបង ពោធិសាត់ បន្ទាយមានជ័យ កំពង់ធំ កណ្តាល សៀមរាប តាកែវ ស្ទឹងត្រែង និងក្រចេះ) វិទ្យាស្ថាន/មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយជាតិ អ្នកជំនាញការរបស់ធនាគារពិភពលោក និងវាគ្មិនដែលបានអញ្ជើញពីខាងក្រៅ។
គោលបំណងនៃសិក្ខាសាលាផ្លាស់ប្តូរចំណេះដឺងនេះគឺ ឈ្វេងយល់ ពិភាក្សា និងផ្លាស់ប្តូរ ដោយធ្វើការស៊ីជម្រៅទៅក្នុងបញ្ហាគោលនយោបាយសំខាន់ៗ នៃការគ្រប់គ្រង ក្នុងគោលបំណងបង្កើនថែមទៀតសន្តិសុខទឹកនៅកម្ពុជា ដោយទាញយកការអនុវត្តល្អៗពីអន្តរជាតិ និងនៅក្នុងប្រទេស។
លទ្ធផលរំពឹងទុកនៃសិក្ខាសាលាគឺ៖
- លើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹក សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាលានុវត្តភាព ក្នុងការតាមឱ្យទាន់ការប្រែប្រួលគោលនយោបាយ
- បង្កើនចំណេះដឹងអំពីការអនុវត្តល្អៗពីអន្តរជាតិ ទាក់ទងនឹងការគ្រប់គ្រងភាពខ្វះទឹក និងទឹកជំនន់ និង
- ផ្តល់យោបល់លើផែនទីវិថី សម្រាប់ការដោះស្រាយបញ្ហាគោលនយោបាយ រួមទាំងលទ្ធភាពនៃជំនួយ ដែលត្រូវការជាចាំបាច់។
សិក្ខាសាលាបានរៀនសូត្រ និងពិភាក្សាលើចំណុចពិភាក្សាធំៗចំនួន ៥គឺ៖
ការពិភាក្សាទី១៖ សន្តិសុខទឹកសម្រាប់គ្រប់យ៉ាងទាំងអស់
ការពិភាក្សាទី២៖ ការគ្រប់គ្រងសន្តិសុខទឹក
ការពិភាក្សាទី៣៖ ការបង្ករភាពងាយស្រួលផ្នែកគោលនយោបាយ និងស្ថាប័ន
ការពិភាក្សាទី៤៖ ការគ្រប់គ្រងធនធានទឹកចម្រុះ និង
ការពិភាក្សាទី៥៖ ការគ្រប់គ្រងហានិភ័យនៃទឹកជំនន់៕