ឧបករណ៍សម្រាប់វាស់ធារទឹក និងកំរិតកករ និងគម្រោង Mekong HYCOS (ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦)
ភ្នំពេញ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានប្រគល់ឧបករណ៍សម្រាប់វាស់ធារទឹក និងកំរិតកករ និងគម្រោង Mekong HYCOS ព្រមទាំងគ្រឿងបន្លាស់ ទៅឱ្យនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម សម្រាប់បម្រើដល់ការងារទាំងពីរខាងលើនៅក្នុងប្រព័ន្ធទន្លេមេគង្គកម្ពុជា។ ឧបករណ៍ទាំងនោះនឹងត្រូវប្រើប្រាស់ជាផ្នែកមួយនៃផែនការវិមជ្ឈការមុខងារស្នូល របស់គណៈកម្មការទន្លេមេគង្គ ដោយនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ។
ឧបករណ៍ទាំងនេះ គឺផ្តល់ទិន្នន័យសម្រាប់សិក្សាពីផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ក្នុងអាងទន្លេ (សម្រាប់គម្រោងវាស់ធារទឹក និងកំរិតកករ) និងផ្តល់ទិន្នន័យដោយស្វ័យប្រវត្តិ ក្នុងរយៈពេល ១៥នាទីម្តង និងទិន្នន័យកំពស់ទឹក ដែលអាចធ្វើឱ្យការព្យាករណ៍ទឹកជំនន់ ក្នុងអាងទន្លេមេគង្គទាំងមូល អាចប្រព្រឹត្តទៅបាន (សម្រាប់គម្រោង Mekong HYCOS)។
ការប្រកាសលើបញ្ជីឧបករណ៍ដែលត្រូវប្រគល់‑ទទួលដោយតំណាងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា គឺឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង និងតំណាងក្រសួងធនធានទឹក និងឧតុនិយម គឺលោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានចុះហត្ថលេខាលើឯកសារប្រគល់‑ទទួលឧបករណ៍ទាំងនោះ ដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ៕