Developed by Khmer Focus

ក្រុមការងារសមាសភាគទី២ ជួបប្រជុំការងារជាមួយក្រុមមន្រ្តីបច្ចេកទេសរបស់ធនាគារពិភពលោក (ថ្ងៃទី ០៧-០៩ ខែកុម្ភៈ ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិទន្លេមេគង្គ​កម្ពុជា និងជាប្រធាន​គ្រប់គ្រង​សមាសភាគ​ទី២ បាន​ដឹក​នាំ​ក្រុមការងារ​សមាសភាគ​ទី២ នៃ​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់កាល​ទី៣ ចូល​រួម​ប្រជុំ​ការងារ​ជាមួយ​ក្រុម​មន្រ្តី​បច្ចេកទេស​របស់​ធនាគារ​ពិភពលោក ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ការិយាល័យ​ធនាគារ​ពិភពលោក ក្រុង​ភ្នំពេញ និង​នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

ក្នុងគោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាការងារលទ្ធកម្មជ្រើសរើសក្រុមជំនាញការ ការត្រៀមលក្ខណៈបច្ចេកទេសជាមុន មុនពេលដំណើរមកដល់នៃក្រុមជំនាញការ ពិភាក្សាលើរបាយការណ៍ស្តីពី លទ្ធផល នៃការវាយយតម្លៃបណ្តាញជលសាស្រ្ត និងឧតុនិយម នៅតំបន់ភូមិភាគឦសានកម្ពុជា ការងារលទ្ធកម្មអំពី សំណង់ការិយាល័យមន្ទីរធនធានទឹក និងឧតុនិយម នៃខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគីរី ព្រមទាំងស្វែងយល់ពីការរៀបចំកិច្ចប្រជុំកំពូល MRC លើកទី៣ ការងារគម្រោងឆ្លងដែន និងពីស្ថានភាពនៃការអនុវត្តការងារនៃគម្រោង និងសំណើផែនការសកម្មភាពការងារសម្រាប់ឆ្នាំ ២០១៨។

កិច្ចប្រជុំបានរៀបចំតាមវីដេអូកុងហ្វេរ៉ង់ ជាមួយអ្នកស្រី Eileen Burke ប្រធានក្រុមដឹកនាំ និងពិភាក្សាផ្ទាល់ជាមួយ លោក Nigel Peter Hayball ជំនាញការបច្ចេកទេសធនាគារពិភពលោក។

កិច្ចប្រជុំបានឯកភាពលើចំណុចបញ្ហានៃដំណើរការលទ្ធកម្ម ការកំណត់មុខងាររបស់ក្រុមការងារអនុវត្តន៍គម្រោង ដែលនឹងបំពេញការងារជាមួយក្រុមជំនាញការ មតិយោបល់ជុំវិញការកែលំអឯកសាររបាយការណ៍ និងការកំណត់ទិសដៅការងារផ្នែកលទ្ធកម្មនាពេលខាងមុខ ក្នុងបំណងធ្វើឱ្យកាន់តែប្រសើរនូវដំណើរការការងារ និងសម្រេចបានទាន់ពេលវេលា តាមផែនការដែលបានឯកភាព៕