Developed by Khmer Focus

បច្ចុប្បន្ន​ភាព​នៃ​ដំណើរ​ការ​ពិគ្រោះ​យោបល់​ជា​មុន នៃ​គម្រោង ដនសាហុង (ថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០១៤)

ជំពូក៖ Don Sahong Hydropower

(MRC-PNPCA)

វៀងច័ន្ទ៖ នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី២០ របស់​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៤ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ប្រទេស​ជា​សមា​ជិក​មេគង្គ បាន​សម្រេច​ដាក់​​គម្រោង​ទំនប់​វារី​អគ្គិសនី ដនសាហុង ទៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ពិគ្រោះ​យោបល់​ជា​មុន ស្រប​តាម​នីតិ​វិធី​ស្តី​ពី ការ​ជូន​ដំណឹង ការ​ពិគ្រោះ​យោបល់​ជា​មុន និង​ការ​ព្រម​ព្រៀង។ ជា​ការ​ងារ​បន្ត កិច្ច​ប្រជុំ​ថ្នាក់​តំបន់​របស់​​ក្រុម​ការ​​ងារ​​ពិគ្រោះ​​យោបល់​នេះ នៅ​ទីក្រុង​វៀងច័ន្ទ​ ប្រទេស​ឡាវ បាន​​ពិនិត្យ​​រួម​គ្នា​លើ​ផែន​ការ​សកម្ម​ភាព​​ជាក់​​ស្តែង ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​​ដំណើរ​ការ​ពិគ្រោះ​​យោបល់​ខាង​លើ។

គណៈ​​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា គ្រោង​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ ចំនួន ០៤​លើក ដូច​ខាង​ក្រោម ជា​មួយ​​បណ្តា​អ្នក​​​ពាក់​ព័ន្ធ​មាន​ជា​អាទិ៍ ក្រសួង ស្ថាប័ន​​រាជ​​រដ្ឋាភិ​បាល អង្គ​ការ​សង្គម​ស៊ីវិល អាជ្ញា​ធរ​ដែន​ដី សហគមន៍​មូល​ដ្ឋាន និង​អ្នក​​ពាក់​ព័ន្ធ​ផ្សេងៗ៖

  1. កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ក្រោម​ជាតិ នៅ​ខេត្ត​ស្ទឹងត្រែង គ្រោងធ្វើ​នៅ​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ​២០១៤
  2. កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ក្រោម​ជាតិ នៅ​ខេត្ត​សៀមរាប គ្រោង​ធ្វើ​​នៅ​​ចុង​​ខែ​​តុលា ឆ្នាំ២០១៤
  3. កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ (កម្រិត​បច្ចេក​ទេស) ជា​មួយ​ក្រសួង ស្ថា​ប័ន និង​​អ្នក​​ពាក់​ព័ន្ធ គ្រោង​​ធ្វើ​​នៅ​​ពាក់​​កណ្តាល​​ខែ​វិច្ឆិកា ឆ្នាំ​២០១៤
  4. កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ និង​បូក​សរុប​ថ្នាក់​ជាតិ ជា​មួយ​ក្រសួង ស្ថាប័ន ជា​​សមាជិក គណៈ​​កម្មា​​ធិការ​​ជាតិ​​ទន្លេ​មេ​គង្គ​​កម្ពុជា គ្រោង​ធ្វើ​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

គោលបំណង​នៃ​កិច្ច​ប្រជុំ​ទាំង​នេះ​គឺ ដើម្បី​ប្រមូល​ផ្តុំ​មតិ​យោបល់ ក្តី​បារម្ភ​នានា សម្រាប់​​​ភាគី​​កម្ពុជា ក្នុង​ការ​​ចូល​រួម​​ការ​​ពិគ្រោះ​​​យោបល់​ជា​មុន នៅ​ថ្នាក់​តំបន់ ជា​មួយ​​ប្រទេស​ជា​​សមា​ជិក​​គណៈ​កម្មការ​ទន្លេ​មេគង្គ​ដ័ទៃ​ទៀត ដើម្បី​ពិនិត្យ និង​​សម្រេច​​លើ​​គម្រោង​​ខាង​​លើ​នេះ៕