Developed by Khmer Focus

ទទួលជួបឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងសហការី (ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំសហការី រួមមាន ឯកឧត្តម អគ្គលេខាធិការ ទីប្រឹក្សា អគ្គលេខាធិការ​រង និង​លោកប្រធាន​នាយកដ្ឋាន​ជំនាញពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ទទួលជួបឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងសហការី ដើម្បីពិភាក្សាបន្តលើដំណើរឆ្ពោះទៅការពិចារណា នៃការពង្រឹងនិរន្តរភាពគណៈកម្មការទន្លេមេគង្គ (Mekong River Commission-MRC) ដែលបានពិភាក្សានាពេលកន្លងមក នៅក្នុងកិច្ចពិគ្រោះយោបល់កម្រិតនយោបាយស្តីពី កិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍រវាងកម្ពុជា អាល្លឺម៉ង់ឆ្នាំ២០២០ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នៅក្នុងជំនួប ភាគីទាំងពីរ បានពិភាក្សាដោយផ្តោតលើបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គមានជាអាទិ៍ បញ្ហាបម្រែបម្រួលអាកាសធាតុ គ្រោះទឹកជំនន់ និងភាពរាំងស្ងួត ការធ្លាក់ចុះកម្រិតកម្ពស់ទឹកក្នុងទន្លេមេគង្គ ក៏ដូចជានៅបឹងទន្លេសាប ដោយសារការអភិវឌ្ឍទំនប់វារីអគ្គិសនីក្នុងអាងទន្លេមេគង្គ និងជំនន់ទឹកភ្លៀងដោយការបាត់បង់ព្រៃឈើក្នុងអាង។ គម្រោងក្នុងផែនការចង្អុលទិសថា្នក់ជាតិរបស់កម្ពុជា ក៏បានលើកមកពិភាក្សាផងដែរ។

ភាគីកម្ពុជា បានជម្រាប និងថ្លែងអំណរគុណភាគីអាល្លឺមង៉អំពី ការជួយគាំទ្ររបស់អាល្លឺម៉ង់ដល់គណៈកម្មការទន្លេមេគង្គ និងកម្ពុជា លើគម្រោងកិច្ចសហប្រតិបត្តិការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតឆ្លងដែនរវាងកម្ពុជា និងថៃ ការពិនិត្យតាមដានបរិស្ថានរួម និងគម្រោងគ្រប់គ្រងដីសើម។ ភាគីកម្ពុជា មានចំណាប់អារម្មណ៍ថា ការពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងកិច្ចខិតខំប្រឹងប្រែងរួម គឺជាអភិក្រមសំខាន់សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ និងការបន្តអនុវត្តគម្រោងរួម និងឆ្លងដែន សម្រាប់កិច្ចសហប្រតិបត្តិការគ្រប់គ្រងធនធានទឹកឆ្លងដែន ដូចជាគម្រោងគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតឆ្លងដែន រវាងកម្ពុជា និងថៃ ដែលបាននិងកំពុងជួយដោយភាគីអាល្លឺម៉ង គឺពិតជាមានសារៈសំខាន់។

ក្រៅពីការជួយលើផ្នែកខាងលើ ភាគីអាល្លឺម៉ង ក៏មានចំណាប់អារម្មណ៍លើការគ្រប់គ្រងព្រៃឈើក្នុងអាង ដែលកិច្ចការនេះ នឹងជួយកាត់បន្ថយជំនន់ទឹកភ្លៀង ហើយមន្ត្រីស្ថានទូត នឹងធ្វើការពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃកម្ពុជា និងពិភាក្សាបន្តនៅថ្នាក់តំបន់។ នៅក្នុងបរិបទព្រៃឈើនេះ ភាគីកម្ពុជា បានស្នើឱ្យភាគីអាល្លឺម៉ង់ ជួយក្នុងលក្ខណៈទ្វេភាគី លើការបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងទន្លេ នៅតំបន់ ៣S (សេកុង សេសាន ស្រែពក) ដែលជួយដល់ជាការគ្រប់គ្រងពហុវិស័យ ដោយរួមបញ្ចូលទាំងការគ្រប់គ្រងព្រៃឈើ និងបានស្នើដល់ការកសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រប់គ្រងភាពរាំងស្ងួត ក្នុងបរិបទបម្រែបម្រួលអាកាសធាតុ។ ក្នុងកិច្ចពិភាក្សានេះ ភាគីអាល្លឺម៉ង់បានទទួលយកសំណើរបស់ភាគីកម្ពុជា សម្រាប់ធ្វើការពិចារណា និងបានស្នើឱ្យ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លើកសំណើទាំងនោះតាមលិខិតផ្លូវការ៕