ទទួលជួបពិភាក្សាជាមួយលោក Dr. Eng. Yasushi INOUE និងក្រុមការងារ JICA (ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១)
ភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមប្រធាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារផ្នែក PNPCA ទទួលជួបពិភាក្សាជាមួយក្រុមការងារអង្គការ JICA របស់ជប៉ុន ដឹកនាំដោយ លោក Dr. Eng. Yasushi INOUE ជាអ្នកបច្ចេកទេសផ្នែកគ្រប់គ្រងធនធានទឹករបស់ CTI Engineering International Co., Ltd និងជាទីប្រឹក្សាបច្ចេកទេសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងគោលបំណងសិក្សាស្រាវជ្រាវប្រមូលទិន្នន័យស្តីពី ការអភិវឌ្ឍការផ្គត់ផ្គង់ទឹក នៅរាជធានីភ្នំពេញ ដើម្បីធ្វើបច្ចុប្បន្នភាពផែនការមេរបស់អាជ្ញាធរផ្គត់ផ្គង់ទឹក នៅរាជធានីភ្នំពេញ។
លោក Dr. Eng. Yasushi INOUE បានជម្រាបជូនពីកិច្ចការរបស់ខ្លួនដែលបាននិងកំពុងគិតគូរអំពីប្រភពទឹក ដែលមានសក្តានុពលនាពេលអនាគត មានបីជម្រើសគឺ ទន្លេមេគង្គ ទន្លេបាសាក់ និងស្ទឹងព្រែកត្នោត ហើយដែលបច្ចុប្បន្ននេះ ក្រុមការងារបាននិងកំពុងធ្វើការប្រមូលទិន្នន័យពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងសិក្សាស្រាវជ្រាវ ដើម្បីកំណត់ទីតាំងសម្រាប់ការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ក្នុងរយៈពេលវែង និងមាននិរន្តរភាព ក្នុងគម្រោងសិក្សាខាងលើ។ ទន្ទឹមនឹងនេះដែរ លោកក៏បានលើកឡើងអំពីការចាប់អារម្មណ៍របស់ខ្លួនទាក់ទងទៅនឹងផលប៉ះពាល់នៃទំនប់វារីអគ្គិសនីមកលើតំបន់ខ្សែទឹកភាគខាងក្រោម ពិសេសកម្ពុជា និងអំពីទិន្នន័យពាក់ព័ន្ធនឹងការសិក្សាដែលលោកបានដកស្រង់ចេញពីវេបសាយរបស់គណៈកម្មការទន្លេមេគង្គ (MRC) ដែលក្នុងនោះមិនមានវត្តមាននូវទិន្នន័យពិស្តារមួយចំនួនដែលលោកត្រូវការ ហើយក៏បានសាកសួរអំពីនីតិវិធីដែលអាចប្រើប្រាស់ទិន្នន័យទាំងនោះបាន។ ជាការឆ្លើយតបតំណាង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានសង្ខេបជូនអំពីព័ត៌មានបច្ចុប្បន្នភាពស្តីពី ការអភិវឌ្ឍវារីអគ្គិសនីក្នុងអាងទន្លេមេគង្គ និងអំពីផលប៉ះពាល់ដែលអាចកើតមានមកលើបរិមាណ ក៏ដូចជាគុណភាពទឹកក្នុងតំបន់ខ្សែទឹកភាគខាងក្រោម និងបានផ្តល់ជាអនុសាសន៍ស្តីពី នីតិវិធីដែលក្រុមការងារអង្គការ JICA អាចប្រើប្រាស់ទិន្ន័យរបស់ MRC៕