Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់លើកទី៧ របស់ក្រុមជំនាញផ្នែកទិន្នន័យ ម៉ូដែល និងព្យាករណ៍ របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមជំនាញកម្ពុជា ដែលមានសមាសភាពមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកទី៧ របស់ក្រុមជំនាញផ្នែកទិន្នន័យ ម៉ូដែល និងព្យាករណ៍ របស់គណៈកម្មការទន្លេមេគង្គ តាមរយៈ Video Conference។ កិច្ចប្រជុំនេះបានទទួលការដឹកនាំដោយតំណាងគណៈកម្មាធិការជាតិទន្លេមេគង្គជាតិវៀតណាម និងសម្របសម្រួលដោយនាយកដ្ឋានផ្នែកគាំទ្របច្ចេកទេស នៃលេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីក្រុមជំនាញមកពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ក្រុមការងារ KDI របស់កូរ៉េ និងក្រុមការងារលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

ជាលទ្ធផល កិច្ចប្រជុំបានប្រមូលមតិយោបល់ និងអនុសាសន៍ពីប្រទេសជាសមាជិក ដើម្បីឱ្យក្រុមការងារលេខាធិការដ្ឋាន MRC និងដៃគូសិក្សាស្រាវជ្រាវ ធ្វើការកែសម្រួលលើវិសាលភាពគម្រោង វិធីសាស្រ្ត អភិក្រម និងយន្តការកិច្ចសហប្រតិបត្តិការជាមួយប្រទេស ក្នុងការធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ឧបករណ៍បច្ចេកទេស សម្រាប់ប្រើប្រាស់ជាមួយទិន្នន័យ ប្រព័ន្ធព័ត៌មាន និងការព្យាករ ជាប្រយោជន៍សម្រាប់ការងារពិនិត្យតាមដាន និងការកសាងផែនការអាងទន្លេមេគង្គ ដោយគិតគួរអំពីផលប៉ះពាល់ឆ្លងដែន ការពង្រឹងបណ្តាញជលសាស្ត្រ ឧតុនិយម ការធ្វើបច្ចុប្បន្នភាពទំនាក់ទំនងរវាងកម្ពស់ទឹកនិងធារទឹកនៅតាមដងទន្លេមេគង្គ និងការពង្រឹងសមត្ថភាពរបស់ប្រទេសជាសមាជិក ដោយផ្អែកលើវិនិយោគច្បាស់លាស់។

ដើម្បីសម្រេចគោលដៅខាងលើ ប្រទេសជាសមាជិកបានជម្រុញឱ្យលេខាធិការដ្ឋាន MRC យកចិត្តទុកដាក់ប្រើប្រាស់ឧបករណ៍បច្ចេកទេសដែលមានស្រាប់ ដែលបានឯកភាពដោយប្រទេសជាសមាជិក ប្រើប្រាស់ការសិក្សាសាកល្បងដែលអនុវត្តន៍ដោយប្រទេសជាសមាជិក និងអនុវត្តន៍នីតិវិធីស្តីពី ការចែកចាយ និងផ្លាស់ប្តូរទិន្នន័យ និងព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ៕