Developed by Khmer Focus

កិច្ចប្រជុំក្រុមការងារស្ដីពី ការរៀបចំរបាយការណ៍បញ្ចប់ការអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០១៦-២០២០ របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំមន្ត្រីក្រុមការងារ ដែល​មាន​តំណាង​មក​ពីក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួង​បរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ អាជ្ញាធរទន្លេសាប និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារលេខាធិការដ្ឋាន MRC តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាលើការរៀបចំរបាយការណ៍បញ្ចប់ការអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០១៦-២០២០ របស់គណៈកម្មការទន្លេមេគង្គ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖ ទី១) ធ្វើការវាយតម្លៃលទ្ធផលសម្រេចបានក្នុងផែនការយុទ្ធសាស្ត្រឆ្នាំ២០១៦-២០២០ ទី២) ធ្វើការពិភាក្សា និងវាយតម្លៃលើភាពជោគជ័យ មេរៀនបទពិសោធន៍ បញ្ហាប្រឈម តាមផលសម្រេចគន្លឹះក្នុងផែនការយុទ្ធសាស្ត្រ និងទី៣) ផ្តល់នូវសក្ខីកម្មនៃការប្រើប្រាស់ផលិតផល និងសេវារបស់ MRC នៅថ្នាក់ជាតិ។

ជាលទ្ធផល កិច្ចប្រជុំបានជា្របអំពីសមិទ្ធផលសម្រេចសំខាន់ៗដែលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ MRC ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២០ និងបានជ្រាបអំពីការរៀបចំរបាយការណ៍បញ្ចប់ នៃការអនុវត្តផែនការយុទ្ធសាស្ត្រ២០១៦-២០២០។ កិច្ចប្រជុំបានធ្វើការពិភាក្សា និងវាយតម្លៃ ភាពជោគជ័យ ចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងការចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រ២០១៦-២០២០ របស់គណៈកម្មការទន្លេមេគង្គ ដើម្បីជាមេរៀនបទពិសោធន៍ និងមូលដ្ឋានសូចនាករ សម្រាប់អនុវត្តន៍ផែនការយុទ្ធសាស្ត្រថ្មីឆ្នាំ២០២១-២០២៥ របស់ MRC ឱ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងការបន្តជម្រុញ និងសម្របសម្រួលការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក និងធនធានធម្មជាតិពាក់ព័ន្ធ ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ៕