Developed by Khmer Focus

កិច្ចចរចារកម្ពុជា និងអាល្លឺម៉ង់ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (ថ្ងៃទី ០៥-០៦ ខែឧសភា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា និងលោក សុខ ខុម ប្រធាន​នាយកដ្ឋាន​បណ្តាគម្រោង និង​កម្មវិធី នៃគណៈកម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចចរចារ​កម្ពុជា និង​អាល្លឺម៉ង់ ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ តាមរយៈ Video Conference។ ភាគី​កម្ពុជា ដឹកនាំដោយ​ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា ហើយភាគីអាល្លឺម៉ង់ ដឹកនាំដោយឯកឧត្តម Norbert Barthle រដ្ឋលេខាធិការសភា នៃក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងភាគីអាល្លឺម៉ង់។ កិច្ចចចារបានលើកយកប្រធានបទចំនួន ០៣ មកពិនិត្យពិភាក្សា ទី១). បរិបទទូទៅ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចសន្ទនានយោបាយ ទី២). កិច្ចសន្ទនាលើវិស័យស្នូល សម្រាប់កិច្ចសន្យាធ្វើសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេរភាគី និងទី៣). ការរួមវិភាគទានរបស់ល្លឺម៉ង់លើការអភិវឌ្ឍផ្នែកដទៃទៀត។

ក្នុងកិច្ចចរចារ បានរាយការណ៍អំពីការគាំទ្ររបស់អាល្លឺម៉ង់ លើគម្រោងគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតឆ្លងដែនកម្ពុជា-ថៃ ការតាមដានបរិស្ថានរួម និងការគ្រប់គ្រង និងអភិរក្សដីសើមនៅតំបន់រ៉ាមសារព្រែកទាល់ ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងសហប្រតិបត្តិការមេគង្គ១៩៩៥។ ភាគីអាល្លឺម៉ង់ បានលើកអំពីការអភិវឌ្ឍវារីអគ្គិសនីក្នុងទន្លេមេគង្គ និងដៃទន្លេ ដែលបង្កឱ្យមានទឹកជំនន់ និងភាពរាំងស្ងួត និងបានស្វាគមន៍ដល់កម្ពុជា ដែលបានសម្រេចពន្យាពេលការសាងសង់ទំនប់វារីអគ្គិសនីសំបូរ និងស្ទឹងត្រែង សម្រាប់រយៈពេល ១០ឆ្នាំខាងមុខទៀត និងបានសម្រេចលើការអភិវឌ្ឍប្រភពថាមពលដទៃទៀត និងបានស្នើពន្យាពេល នៃការសម្រេចចិត្តសាងសង់វារីអគ្គិសនីលើទន្លេសេសាន និងស្រែពក។ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានជម្រាបកិច្ចចរចារ អំពីកិច្ចសហប្រតិបត្តិការល្អ របស់ប្រទេសជាសមាជិក ក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការយុទ្ធសាស្ត្រ ក្រោមកិច្ចព្រមព្រៀងមេគង្គ១៩៩៥ ហើយប្រទេសនីមួយៗ មានផែនការអភិវឌ្ឍន៍ និងផែនការការពារបរិស្ថានរបស់ខ្លួន ដើម្បីការរីកចម្រើនសេដ្ឋកិច្ច និងការពារបរិស្ថានរបស់ខ្លួន។ តម្រូវការ និងភាពប្រឈមនៃការអភិវឌ្ឍសេដ្ឋកិច្ច គឺជាការព្រួយបារម្មណ៍លើបញ្ហាគ្រោះទឹកជំនន់ និងភាពរាំងស្ងួត រួមទាំងការប្រែប្រួលអាកាសធាតុ។

កិច្ចចរចារបានកំណត់យកវិស័យសំខាន់ៗមួយចំនួន ដែលស្របនឹងយុទ្ធសាស្ត្រ BMZ 2030 របស់អាល្លឺម៉ង់ មកពិភាក្សា និងអាល្លឺម៉ង់បានសន្យាគាំទ្រជាថ្មី លើគម្រោងដែលពាក់ព័ន្ធលើការពារសង្គម និងសុខមាលភាពប្រជាជន ការធ្វើវិមជ្ឈការ ថាមពល និងការប្រែប្រួលអាកាសធាតុ។

កិច្ចចរចារបន្ទាប់ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងកម្ពុជា-អាល្លឺម៉ង់ នឹងរៀបចំនៅឆ្នាំ២០២៣៕