Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី វេទិការួមលើកទី៩ របស់ MRC (ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំក្រុមប្រតិភូកម្ពុជា រួមមានឯកឧត្តម គល់​ វឌ្ឍនា អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា លោក យិន សាវុធ ប្រធាន​នាយកដ្ឋានជលសាស្រ្ត និង​ការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម លោក ស៊ួស ប៊ុនថន ប្រធាននាយកដ្ឋាន និងលោក គឹម សីហា អនុប្រធាននាយកដ្ឋាន​ផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្តីពី វេទិការួមលើកទី៩ របស់ MRC ដោយមានការ ចូលរួមពីមន្រ្តីក្រុមប្រតិភូការងាររបស់ប្រទេសជាសមាជិកទាំង ៤ប្រទេស និងមន្រ្តីពីលេខាធិការដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំវេទិការួមគ្នាលើកទី ៩ គឺដើម្បីពិភាក្សាលើឯកសារការងារ និងបញ្ហាពាក់ព័ន្ធដែលមិនទាន់មានការឯកភាព និងកំណត់ការដោះស្រាយ មុននឹងដាក់ឯកសារជូនទៅ JC ធ្វើការពិនិត្យ ការពិចារណា និងផ្តល់ការណែនាំ សម្រាប់ការអនុវត្តការងារវេទិការួម របស់ MRC ប្រកបដោយប្រសិទ្ធភាព។

លទ្ធផលនៃកិច្ចប្រជុំ៖

- បានពិនិត្យឡើងវិញលទ្ធផលនៃការអនុវត្តការងារវេទិការួម របស់ MRC កន្លងមក និងបានលើកសំណើពង្រឹងការងារនេះ និងពិនិត្យឡើងវិញការងារវេទិការួមនៅកម្រិតប្រទេស

- បានពិភាក្សា និងស្វែងយល់ពីបច្ចុប្បន្នភាពលើការអនុវត្តនីតិវិធីរបស់ MRC បានពិនិត្យផ្តល់យោបល់ តារាងម៉ាទ្រិច ដើម្បីអនុវត្តន៍ផែនការសកម្មភាពរួម សម្រាប់គម្រោងវារីអគ្គិសនីប៉ាក់ឡាយ និងប៉ាក់បេង និងសេចក្តីព្រាងម៉ាទ្រិច សម្រាប់គម្រោងវារីអគ្គីសនីលួងប្រាបាង របស់ប្រទេសឡាវ

- បានស្វែងយល់ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារការងារលើមាត្រាទី ៧, ៨ និង ១០ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ដោយស្នើមានការសិក្សាបន្ថែមកាន់តែច្បាស់ និងស៊ីជម្រៅក្នុងបរិបទកិច្ចព្រមព្រៀងមេគង្គ១៩៩៥ និងច្បាប់ទឹក សន្ធិសញ្ញាអន្តរជាតិដើម្បីគាំទ្រការពង្រឹងអនុវត្តក្របខណ្ឌច្បាប់របស់ MRC

- បានពិភាក្សាលើបទពិសោធន៍ដែលទទួលបាន បញ្ហាប្រឈម និងស្វែងរកមធ្យោបាយ ដែលមានប្រសិទ្ធិភាព សម្រាប់ការអនុវត្តផែនការសកម្មភាពរួម សម្រាប់ប៉ាក់បេង ប៉ាកឡាយ និងលួងប្រាបាង ក្នុងគោលបំណង ដើម្បីឱ្យមានការចូលរួម ប្រកបដោយអត្ថន័យ និងរាយការណ៍ទៅ MRC JC

- បានពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារដែលបានកែសម្រួល លើការប្រើប្រាស់ទឹកទន្លេមេគង្គ ប្រកបដោយសមហេតុផល និងសមភាព ដោយប្រទេសជាសមាជិក នៃគណៈកម្មការទន្លេមេគង្គ ដែលត្រូវបានផ្តល់អនុសាសន៍ ដើម្បី ទុកជាឯកសារការងារសម្រាប់ ពេលអនាគត

- បានពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាង MOU លើតម្លៃក្នុង និងក្រៅ នៃគម្រោងអភិវឌ្ឍន៍ នៅទន្លេមេគង្គក្រោម ក្នុងអំឡុងពេលដំណើរការពិគ្រោះយោបល់ជាមុន

- បានពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងគំនិតយោបល់ដែលត្រូវបានកែសម្រួល លើការពិចារណា លើយន្តការហិរញ្ញប្បទានរួមនៅក្នុងតំបន់មេគង្គក្រោម ទាំងការកំណត់សម្គាល់សង្ខេបស្តីពីសំណើសិក្សាករណី ការបង្កើត“ មូលនិធិមេគង្គ” មុនពេលដាក់ជូន JC ពិចារណានិងអនុម័ត

- លេខាធិការដ្ឋាន MRC បានប្រមូលមតិយោបល់ពីការពិភាក្សានៅក្នុងកិច្ចប្រជុំវេទិការួមលើកទី៩ នេះ ដើម្បី កែសម្រួលឯកសារឡើងវិញ៕